ព័ត៌មានអន្តរជាតិ

Update៖ កម្រិត នៃការគំរាមកំហែង ផ្នែកសន្តិសុខថយចុះបន្តិច ក្រោយពីការ បាញ់សម្លាប់ភេរវករនៅក្រុងប្រ៊ុចស៊ែល

រូបភាពពី៖​ XINHUA

ប្រ៊ុចស៊ែល៖ ប្រភពពីទីភ្នាក់ងារព័ត៌មាន Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ថា ការគំរាមកំហែងផ្នែកសន្តិសុខនៅទីក្រុងប្រ៊ុចស៊ែល ត្រូវបានថយពីកម្រិតអតិបរិមា៤មកនៅត្រឹម៣ កាលពីថ្ងៃអង្គារ ក្រោយពីជនសង្ស័យនៅក្នុងការសម្លាប់អ្នកគាំទ្របាល់ទាត់ស៊ុយអែត២នាក់កាលពីថ្ងៃចន្ទ ហើយត្រូវបានប៉ូលិសបាញ់សម្លាប់ ។

លោក Alexander De Croo នាយករដ្ឋមន្ត្រីប៊ែលហ្ស៊ិក បានប្រាប់ដល់សន្និសីទសារព័ត៌មានមួយយ៉ាងដូច្នេះថា ក្រុមប្រឹក្សាសន្តិសុខជាតិរបស់ប្រទេសប៊ែលហ្ស៊ិក បានបន្ថយកម្រិតនៃការគំរាមកំហែងបន្ទាប់ពីកិច្ចប្រជុំជាមួយអាជ្ញាធរសន្តិសុខនៅទីនេះកាលពីរសៀលថ្ងៃអង្គារ ។

គួររំលឹកថា កាលពីល្ងាចថ្ងៃចន្ទ អ្នកគាំទ្របាល់ទាត់ស៊ុយអ៊ែតចំនួន២នាក់បានស្លាប់នៅក្នុងការបាញ់ប្រហារស្ថិតចម្ងាយ៥ គីឡូម៉ែត្រពីពហុកីឡដ្ឋាន King Baudouin របស់ប្រទេសប៊ែលហ្ស៊ិក ជាកន្លែងដែលមានការប្រកួតរវាងក្រុមប៊ែលហ្ស៊ិក និងស៊ុយអ៊ែតកំពុងប្រព្រឹត្តទៅ ។ ការវាយប្រហារនេះបាននាំឱ្យមានការផ្អាកការប្រកួត ហើយបានជំរុញឱ្យទីក្រុងនេះឈានដល់កម្រិតប្រកាសអាសន្នរបស់ខ្លួន ក៏ដូចជាការបង្កើនវិធានការសន្តិសុខនៅកន្លែងដែលតភ្ជាប់ទំនាក់ទំនងជាមួយសហគមន៍ស៊ុយអ៊ែត ផងដែរ ។

អ្នកបាញ់ប្រហារត្រូវបានគេកំណត់អត្តសញ្ញាណថា ជាបុរសវ័យ៤៥ឆ្នាំមានដើមកំណើតជាជនជាតិទុយនេស៊ី ដែលត្រូវបានបាញ់សម្លាប់កាលពីព្រឹកថ្ងៃអង្គារ ក្រោយពីការតាមប្រមាញ់រយៈពេលមួយយប់ដោយប៉ូលិសក្នុងរដ្ឋធានីប៊ែលហ្ស៊ិក ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top