អ.ស.ប៖ ប្រភពពីទីភ្នាក់ងារព័ត៌មាន Reuters បានផ្សព្វផ្សាយនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ថា ឥឡូវនេះក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UN) នឹងបោះឆ្នោតនៅថ្ងៃពុធនេះលើដំណោះស្រាយព្រាងដោយប្រទេសប្រេស៊ីល ដែលអំពាវនាវឱ្យមានការផ្អាកផ្នែកមនុស្សធម៌នៅក្នុងជម្លោះរវាងអ៊ីស្រាអ៊ែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាស ដើម្បីអនុញ្ញាតឱ្យផ្តល់ជំនួយមនុស្សធម៌ទៅកាន់តំបន់ហ្គាហ្សាស្ទ្រីប ។
ក្រុមអ្នកការទូតបានលើកឡើងថា បន្ទាប់មកក្រុមប្រឹក្សានេះត្រូវបានគេរំពឹងថា នឹងពិភាក្សាទៅតាមសំណើរបស់ប្រទេសអារ៉ាប់រួម និងរុស្ស៊ី ចំពោះការបំផ្ទុះនៅឯមន្ទីរពេទ្យស្ថិតនៅក្នុងតំបន់ហ្គាហ្សា ដែលបានសម្លាប់មនុស្សរាប់រយនាក់កាលពីថ្ងៃអង្គារ ។
លោក Riyad Mansour បេសកជនអង្គការសហប្រជាជាតិប៉ាឡេស្ទីន បានស្តីបន្ទោសទៅលើកងកម្លាំងអ៊ីស្រាអ៊ែលចំពោះ “ការសម្លាប់រង្គាល” នៅឯមន្ទីរពេទ្យ ដោយអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់ ។ ចំណែក ឯកអគ្គរដ្ឋទូតអង្គការសហប្រជាជាតិរបស់អ៊ីស្រាអែល លោក Gilad Erdan បានចេញសេចក្តីថ្លែងការណ៍មួយ ដោយចោទប្រកាន់ក្រុមសកម្មប្រយុទ្ធឥស្លាមជីហាតប៉ាឡេស្ទីន ពីការទទួលខុសត្រូវក្នុងរឿងនេះ ។
ក្រុមឥស្លាមជីហាតបានបដិសេធចំពោះការចោទប្រកាន់នេះ ។ ទីភ្នាក់ងារ Reuters មិនអាចផ្ទៀងផ្ទាត់ដោយឯករាជ្យថា អ្នកណាជាអ្នកទទួលខុសត្រូវចំពោះការបំផ្ទុះនេះនៅឡើយទេ ។
ក្រុមប្រឹក្សាដែលមានសមាជិកចំនួន១៥រូប កាលពីដំបូងឡើយនឹងត្រូវបោះឆ្នោតនៅថ្ងៃចន្ទលើសេចក្តីព្រាងច្បាប់របស់ប្រទេសប្រេស៊ីល ប៉ុន្តែក្រុមប្រឹក្សានេះត្រូវបានពន្យារពេល២៤ម៉ោងដើម្បីទុកពេលបន្ថែមទៀតសម្រាប់ការចរចា ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា