ព័ត៌មានអន្តរជាតិ

អាល្លឺម៉ង់ ដាក់អទិភាពផ្គត់ផ្គង់ អាវុធឲ្យអ៊ីស្រាអែលមុន និងច្រើនជាងអ៊ុយក្រែន នៅពេលនេះ

AFP

បរទេស៖ សារព័ត៌មានរុស្សី RT ដែលបានដកស្រង់របាយការណ៍ ចេញពីទីភ្នាក់ងារព័ត៌មាន DPA បានរាយការណ៍កាលពីថ្ងៃពុធម្សិលមិញថាថា រដ្ឋាភិបាលអាល្លឺម៉ង់ចង់ផ្តល់អាទិភាព ដល់ការចែកចាយអាវុធទៅឲ្យអ៊ីស្រាអែល ចំពេលមានជម្លោះជាមួយក្រុមហាម៉ាស ជាជាងជម្លោះនៅអ៊ុយក្រែន។

យោងតាមមន្ត្រីរដ្ឋាភិបាល ដែលមិនបញ្ចេញឈ្មោះដែលត្រូវបានសម្ភាស ដោយសារព័ត៌មាននេះ បានបញ្ជាក់ថា៖ លិខិតស្នើសុំពាណិជ្ជកម្មពីក្រុមហ៊ុន សម្រាប់ការនាំចេញអាវុធនឹង ត្រូវបានដំណើរការ និងអនុម័តជាអាទិភាព ចំពោះស្ថានភាពបច្ចុប្បន្ននៅមជ្ឈិមបូព៌ា។

របាយការណ៍នេះបានធ្វើឡើង បន្ទាប់ពីអធិការបតីអាល្លឺម៉ង់លោក Olaf Scholz បានបង្ហាញការគាំទ្រសម្រាប់ អ៊ីស្រាអែលនៅក្នុងជម្លោះអ៊ីស្រាអែល ជាមួយក្រុមហាម៉ាសដោយនិយាយថា មានកន្លែងតែមួយសម្រាប់អាល្លឺម៉ង់ ដែលកន្លែងនោះគឺនៅខាងភាគីរបស់អ៊ីស្រាអែល។

ស្របទៅនឹងប្រភពព័ត៌មាននេះ រដ្ឋមន្ត្រីការពារជាតិលោក Boris Pistorius បាននិយាយកាលពីសប្តាហ៍មុនមកហើយថា ទីក្រុងប៊ែរឡាំងបានប្រគល់ យន្តហោះគ្មានមនុស្សបើកប្រយុទ្ធ Heron ចំនួនពីរក្រុមដែលត្រូវបានជួល ដោយយោធាអាល្លឺម៉ង់ទៅឲ្យអ៊ីស្រាអែលវិញ ដោយបន្ថែមថាការពិភាក្សាកំពុងដំណើរការ អំពីការផ្តល់គ្រាប់រំសេវអាល្លឺម៉ង់ ទៅឲ្យនាវាចម្បាំងអ៊ីស្រាអែលផងដែរ៕

ប្រែសម្រួល៖ ស៊ុន លី

To Top