ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ​បញ្ជាក់​ពី​ការ​បញ្ចប់​ការ​ដាក់​កំហិត​របស់យូអិន ​លើ​កម្មវិធី​មីស៊ីលរបស់ខ្លួន ខណៈ​ដែល​អាមេរិក ​ដាក់​ទណ្ឌកម្ម​ថ្មី​

រូបភាពពី៖​ AFP

តេអេរ៉ង់៖ អ៊ីរ៉ង់ បានអះអាង​អំពីការបញ្ចប់ “ដោយគ្មានលក្ខខណ្ឌ” នៃការរឹតបន្តឹងដែលដាក់ដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) លើសកម្មភាពទាក់ទងនឹងមីស៊ីលរបស់ខ្លួន ខណៈដែលសហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មថ្មីនៅថ្ងៃតែមួយលើកម្មវិធីមីស៊ីល និងយន្តហោះដ្រូនរបស់ទីក្រុងតេហេរ៉ង់។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយនៅលើគេហទំព័ររបស់ខ្លួន ក្រសួងការបរទេសអ៊ីរ៉ង់បានឲ្យដឹងថា “ថ្ងៃនេះផ្នែកចុងក្រោយនៃការរឹតបន្តឹងប្រឆាំងនឹងអ៊ីរ៉ង់ រួមទាំងការបង្កកទ្រព្យសម្បត្តិ និងការរឹតបន្តឹងផ្នែកហិរញ្ញវត្ថុលើបុគ្គល និងអង្គភាពមួយចំនួនរបស់អ៊ីរ៉ង់ ដែលបានដាក់អស់រយៈពេលជាច្រើនឆ្នាំដោយ UNSC នៅក្នុងតំបន់ដែលពាក់ព័ន្ធ។ ចំពោះសកម្មភាពមីស៊ីល និងការផ្លាស់ប្តូរសេវាកម្ម និងបច្ចេកវិទ្យាពាក់ព័ន្ធ ត្រូវបានបញ្ចប់ដោយគ្មានលក្ខខណ្ឌ។

សេចក្តីថ្លែងការណ៍បានព្រមានថា សកម្មភាពណាមួយ ដែលមានបំណងដាក់ទណ្ឌកម្ម ឬការរឹតត្បិតលើអន្តរកម្ម និងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរបស់អ៊ីរ៉ង់ ឥឡូវនេះ គឺផ្ទុយនឹងការបញ្ចប់ការរឹតបន្តឹងក្រោមដំណោះស្រាយ UNSC លេខ ២២៣១ ដោយសង្កត់ធ្ងន់លើសិទ្ធិរបស់អ៊ីរ៉ង់ ក្នុងការអនុវត្តវិធានការចាំបាច់ ដើម្បីការពារផលប្រយោជន៍ជាតិរបស់ខ្លួន។

ទោះបីជាយ៉ាងណាក៏ដោយ នៅថ្ងៃដដែលនោះ សហរដ្ឋអាមេរិក បានចាត់វិធានការជាបន្តបន្ទាប់ ដើម្បីបញ្ជាក់ថា កម្មវិធីមីស៊ីលរបស់អ៊ីរ៉ង់ នឹងនៅតែត្រូវបានដាក់ទណ្ឌកម្ម បើទោះបីជាការរឹតបន្តឹង UNSC ផុតកំណត់ក៏ដោយ។

ក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃពុធបានប្រកាសដាក់ទណ្ឌកម្មថ្មី លើក្រុមមនុស្ស និងក្រុមហ៊ុននានា​ ជុំវិញការចោទប្រកាន់ថា មានទំនាក់ទំនងទៅនឹងកម្មវិធីមីស៊ីលផ្លោង និងយន្តហោះដ្រូនរបស់អ៊ីរ៉ង់។

លើសពីនេះ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយនៅលើគេហទំព័ររបស់ខ្លួនកាលពីថ្ងៃអង្គារ ក្រុមប្រឹក្សាអឺរ៉ុប បានឲ្យដឹងថា ខ្លួន “បានសម្រេចចិត្តចាត់វិធានការចាំបាច់ ដើម្បីរក្សាវិធានការរឹតត្បិតក្រោមរបបមិនរីកសាយភាយរបស់សហភាពអឺរ៉ុប លើប្រទេសអ៊ីរ៉ង់”៕ ប្រែសម្រួល ឈូក បូរ៉ា

To Top