ព័ត៌មានអន្តរជាតិ

អាមេរិក ​សន្យា​គាំទ្រ​យោធា ​ដល់​អ៊ីស្រាអែល ខណៈ​ការ​តវ៉ា​ផ្ទុះ​ឡើង​នៅ​ទូទាំង​មជ្ឈិមបូព៌ា ​ជុំវិញ​ការ​បំផ្ទុះ​មន្ទីរពេទ្យ និង​ការ​វាយ​ប្រហារ​របស់​អ៊ីស្រាអែល

ប្រភព ៖ xinhua

យេរ៉សាឡឹម៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក បេនចាមីន ណេតាន់យ៉ាហ៊ូ កាលពីថ្ងៃពុធ បានជួបជាមួយប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ក្នុងប្រទេសអ៊ីស្រាអែល ជាកន្លែងដែលពួកគេបានយល់ព្រមលើជំនួយយោធារបស់សហរដ្ឋអាមេរិក “ដែលមិនធ្លាប់មានពីមុនមក” ដល់អ៊ីស្រាអែល ក្នុងជម្លោះដែលកំពុងបន្តជាមួយក្រុមហាម៉ាស នៅហ្គាហ្សា និងក្រុមហេសបូឡា នៅលីបង់។

នៅក្នុងសេចក្តីថ្លែងការណ៍ផ្សាយមួយ លោក ណេតាន់យ៉ាហ៊ូ បានឲ្យដឹងថា រូបលោក និងលោក បៃដិន ដែលបានមកដល់នៅពេលព្រឹក សម្រាប់ដំណើរទស្សនកិច្ចរយៈពេលខ្លីទៅកាន់ប្រទេសអ៊ីស្រាអែល បានយល់ព្រមលើ “សកម្មភាព និងកិច្ចសហប្រតិបត្តិការ ដែលធានាការបន្តនៃសង្រ្គាមយុត្តិធម៌របស់យើង” ។

លោក បៃដិន ដែលបានធ្វើដំណើរត្រឡប់ទៅទីក្រុងវ៉ាស៊ីនតោន វិញនៅពេលរសៀល បន្ទាប់ពីកិច្ចប្រជុំកំពូលអារ៉ាប់ ៤ផ្លូវដែលបានគ្រោងទុកមុននៅហ្ស៊កដានី ត្រូវបានលុបចោលនោះ បានឲ្យដឹងក្នុងអំឡុងពេលស្នាក់នៅរយៈពេលខ្លីរបស់លោកថា មន្ទីរបញ្ចកោណបង្ហាញថា ការបំផ្ទុះនៅលើមន្ទីរពេទ្យ Al-Ahli Arabi Baptist កាលពីថ្ងៃអង្គារ គឺបណ្តាលមកពី “ក្រុមផ្សេងទៀត” និងមិនមែនជាការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលនោះទេ។

ចលនាតស៊ូអ៊ីស្លាមប៉ាឡេស្ទីន (ហាម៉ាស) បានឲ្យដឹងថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល បណ្តាលឱ្យមានការផ្ទុះនៅក្នុងមន្ទីរពេទ្យ ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤៧១នាក់។

អ៊ីស្រាអែល​បាន​បញ្ចេញ​ការ​ស្ទាក់​ចាប់​ទំនាក់ទំនង​រវាង​ប្រតិបត្តិករ​ហាម៉ាស់​ពីរ​នាក់​ពិភាក្សា​ពី​របៀប ​ដែល​មន្ទីរពេទ្យ​ត្រូវ​បាន​វាយប្រហារ​ដោយ​ការ​បាញ់​គ្រាប់​រ៉ុក្កែត ​ដែល​បរាជ័យ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

អ្នកនាំពាក្យកងកម្លាំងការពារអ៊ីស្រាអែល (IDF) លោក Daniel Hagari បានបង្ហាញខ្សែអាត់សំឡេងក្នុងអំឡុងពេលសន្និសីទសារព័ត៌មានមួយ ដោយបដិសេធការទទួលខុសត្រូវរបស់អ៊ីស្រាអែល ចំពោះការបំផ្ទុះនេះ និងបានចោទប្រកាន់ក្រុមជីហាតអ៊ីស្លាមប៉ាឡេស្ទីន (PIJ) ពីការបាញ់រ៉ុក្កែតបរាជ័យ។

នៅក្នុងសំឡេង បុគ្គលពីរនាក់អាចត្រូវបានគេឮកំពុងសន្ទនាជាភាសាអារ៉ាប់ តាមរយៈការហៅទូរសព្ទ។ ក្នុងអំឡុងពេលនៃការសន្ទនា មនុស្សម្នាក់ប្រាប់អ្នកផ្សេងទៀតថា ការផ្ទុះនេះបណ្តាលមកពីការបាញ់គ្រាប់រ៉ុក្កែតដោយក្រុម PIJ ដែលជាក្រុមប្រដាប់អាវុធនៅហ្គាហ្សា។

យោងតាមលោក Hagari គ្រាប់រ៉ុក្កែត ដែលបរាជ័យ ដែលផ្ទុកបន្ទុកជំរុញការបញ្ឆេះត្រូវបានបាញ់ចេញពីទីតាំងក្បែរមន្ទីរពេទ្យ។

លោកក៏បានបង្ហាញពីរូបថតពីលើអាកាស និងរូបភាពអ៊ីនហ្វ្រារ៉េដនៃទីតាំងនៃការផ្ទុះ ដែលប្រមូលបានដោយយោធាអ៊ីស្រាអែល។ លោក​បាន​បន្ត​ថា”​ការ​វិភាគ​លើ​រូបភាព​ពីលើ​អាកាស​របស់​យើង ​បញ្ជាក់​ថា ​មិន​មាន​ការ​វាយប្រហារ​ផ្ទាល់​មក​លើ​មន្ទីរពេទ្យ​នោះ​ទេ​”៕
ប្រែសម្រួល ឈូក បូរ៉ា

To Top