ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល ​អនុញ្ញាតឲ្យ​មាន ​ជំនួយ​មនុស្សធម៌​មួយ ​ចំនួនពី​អេហ្ស៊ីប ​ទៅកាន់តំបន់​ហ្គាហ្សា

យេរ៉ូសាឡឹម៖ គណៈរដ្ឋមន្ត្រីក្នុងសម័យសង្គ្រាម របស់អ៊ីស្រាអែល បានសម្រេច​ថា ខ្លួននឹងអនុញ្ញាត ឱ្យឆ្លងកាត់ជំនួយមនុស្សធម៌ ជាមូលដ្ឋានពីអេហ្ស៊ីប ទៅកាន់តំបន់ហ្គាហ្សាស្ទ្រីប ដែលត្រូវបានឡោមព័ទ្ធ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “អ៊ីស្រាអែល នឹងមិនរារាំងការផ្គត់ផ្គង់មនុស្សធម៌ពីអេហ្ស៊ីបនោះទេ ដរាបណាពួកគេមានអាហារ ទឹក និងថ្នាំ សម្រាប់ជនស៊ីវិល ដែលមានទីតាំងនៅភាគខាងត្បូងហ្គាហ្សាស្ទ្រីប”។

ប្រភព​បាន​ព្រមាន​ថា​ “​ការ​ផ្គត់ផ្គង់​ណាមួយ​ ដែល​ទៅដល់​ក្រុម​ហាម៉ាស ​នឹង​ត្រូវ​បាន​រារាំង​។ គណៈរដ្ឋមន្ត្រីបានបន្ថែមថា ការឆ្លងកាត់ជំនួយមនុស្សធម៌ ណាមួយពីអ៊ីស្រាអែល ទៅកាន់តំបន់ហ្គាហ្សា នឹងមិនអនុញ្ញាតឡើយ ដរាបណាចំណាប់ខ្មាំង ដែលត្រូវបានចាប់ពង្រត់ដោយក្រុមហាម៉ាស មិនត្រូវបានបញ្ជូនត្រឡប់មកវិញ ។

យោងតាមសេចក្តីថ្លែងការណ៍ ការសម្រេចចិត្តនេះត្រូវបានធ្វើឡើង ជាការឆ្លើយតបទៅនឹងសំណើ របស់ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ដើម្បីផ្តល់ការផ្គត់ផ្គង់សំខាន់ៗ ដល់តំបន់ហ្គាហ្សា ដែលកំពុងប្រយុទ្ធ ។ លោក បៃដិន បានទៅដល់ប្រទេសអ៊ីស្រាអែល កាលពីព្រឹកថ្ងៃពុធ ដើម្បីបំពេញទស្សនកិច្ចរយៈពេលខ្លីមួយ ។

បន្ថែម​ពី​លើ​នេះ គណៈរដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា អ៊ីស្រាអែល​ទាមទារ​ឱ្យ​អនុញ្ញាត​ឱ្យ​កាកបាទ​ក្រហម​ចូល​ជួប​ចំណាប់ខ្មាំង។ អ៊ីស្រាអែល​បាន​កាត់​ផ្តាច់​ការផ្គត់ផ្គង់​អគ្គិសនី ទឹក និង​អាហារ​របស់​តំបន់​ហ្កាហ្សា បន្ទាប់ពី​ការវាយប្រហារ​ដ៏​ភ្ញាក់ផ្អើល​របស់​ក្រុម​ហាម៉ាស​មកលើ​អ៊ីស្រាអែល​កាលពី​ថ្ងៃទី០៧ ខែតុលា។

លោក Abeer Etefa ដែលជាអ្នកដឹកនាំទំនាក់ទំនងក្នុងតំបន់របស់កម្មវិធីស្បៀងអាហារពិភពលោក (WFP) សម្រាប់មជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើង បានឲ្យដឹងថា ស្តុកអាហារបច្ចុប្បន្ននៅក្នុងហ្គាហ្សា គឺគ្រប់គ្រាន់ សម្រាប់តែពីរសប្តាហ៍ប៉ុណ្ណោះ ហាងអាហារមានទុនបម្រុងប្រហែល ៥ថ្ងៃ ហើយនៅទីនោះ​ មានការលំបាកក្នុងការបំពេញ បន្ថែមហាងទាំងនោះពីឃ្លាំង ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top