ព័ត៌មានអន្តរជាតិ

កូរ៉េ​ខាង​ត្បូង ​ស្នើឲ្យមាន​​ការ​ចរចាថ្នាក់មន្រ្តីការទូត​កំពូល​ជាមួយ​ជប៉ុន និងចិន នៅ​ចុង​ខែ​វិច្ឆិកា

រូបភាពពី៖​ KYODO

សេអ៊ូល៖ ប្រភពការទូតបានឲ្យដឹងថា ប្រទេសកូរ៉េខាងត្បូង បានស្នើឱ្យមានកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសជាមួយប្រទេសជប៉ុន និងចិន នៅចុងខែក្រោយ ហើយទីក្រុងតូក្យូ មានភាពវិជ្ជមាន ចំពោះផែនការនេះ ដែលជាវិធានការមួយ ដែលអាចត្រួសត្រាយផ្លូវសម្រាប់កិច្ចប្រជុំកំពូលត្រីភាគី ដែលមិនបានធ្វើឡើងចាប់តាំងពីឆ្នាំ២០១៩។

កិច្ចចរចាបីផ្លូវដែលរំពឹងទុក ដែលបច្ចុប្បន្នកំពុងស្វែងរកនៅថ្ងៃទី២៦ ខែវិច្ឆិកានៅទីក្រុងកំពង់ផែ ប៊ូសាន របស់កូរ៉េខាងត្បូង កើតឡើងនៅខាងក្រោយនៃទំនាក់ទំនងរវាងទីក្រុងតូក្យូ និងទីក្រុងសេអ៊ូល ដែលកាន់តែយ៉ាប់យ៉ឺនលើបញ្ហាសំណងក្នុងសម័យសង្គ្រាម។

ការរៀបចំចុងក្រោយនឹងត្រូវបានធ្វើឡើង សម្រាប់ការជួបជុំនេះ ដែលរំពឹងថានឹងមានការចូលរួមពីរដ្ឋមន្ត្រីការបរទេសជប៉ុនលោកស្រី Yoko Kamikawa និងសមភាគីចិន និងកូរ៉េខាងត្បូង លោក Wang Yi និង Park Jin ដោយគិតគូរពីការឆ្លើយតបរបស់ទីក្រុងប៉េកាំង និងស្ថានភាពអន្តរជាតិចុងក្រោយបង្អស់។

ជាធម្មតា កិច្ចប្រជុំរបស់មេដឹកនាំរវាងប្រទេសទាំងបី ធ្វើឡើងបន្ទាប់ពីការពិភាក្សាកម្រិតការងារ និងកិច្ចពិភាក្សាថ្នាក់រដ្ឋមន្ត្រីការបរទេស នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។

មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលទាំង៣ បានព្រមព្រៀងគ្នាកាលពីចុងខែកញ្ញា ដើម្បីរៀបចំកិច្ចប្រជុំកំពូលមួយនៅដើមកាលបរិច្ឆេទ និងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសនៅទីក្រុងប៊ូសាន ក្នុងខែវិច្ឆិកា។

ប្រទេសអាស៊ីបូព៌ាទាំង៣ បានព្រមព្រៀងគ្នាក្នុងឆ្នាំ២០០៨ ដើម្បីរៀបចំកិច្ចប្រជុំកំពូលត្រីភាគីជារៀងរាល់ឆ្នាំ ប៉ុន្តែកិច្ចប្រជុំបែបនេះមិនត្រូវបានធ្វើឡើងចាប់តាំងពីខែធ្នូ ឆ្នាំ២០១៩ នៅក្នុងប្រទេសចិន។ កូរ៉េខាងត្បូងបច្ចុប្បន្នជាប្រធានប្ដូរវេន នៃក្របខ័ណ្ឌត្រីភាគី៕ ប្រែសម្រួល ឈូក បូរ៉ា

To Top