ព័ត៌មានអន្តរជាតិ

បទវិភាគ៖ បើសិនជាអាមេរិក មិនបញ្ឈប់ទង្វើ“លំអៀងទៅអ៊ីស្រាអែល” នោះពិភពលោកនឹងបែរខ្នងដាក់អាមេរិក ទាំងអស់គ្នា

នៅថ្ងៃទី១៨ ខែតុលា តាមម៉ោងក្នុងតំបន់ នៅក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបានសម្ដែងនូវឈុតឆាកមួយ ខណៈពេលលោកស្រី Michele Taylor តំណាងសហរដ្ឋអាមេរិកប្រចាំជាអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិថ្លែងសុន្ទរកថា អង្គប្រជុំជាច្រើនបានបែរខ្នងដាក់វេទិកា ដើម្បីសម្តែងការតវ៉ាចំពោះអាមេរិកដែលបានលំអៀងទៅអ៊ីស្រាអែលយ៉ាងគឃ្លើនក្នុងបញ្ហាប៉ាឡេស្ទីននិងអ៊ីស្រាអែល ហើយមិនអើពើនឹងសិទិ្ធមនុស្សរបស់ប្រជាជនប៉ាឡេស្ទីន ។

គិតរហូតដល់បច្ចុប្បន្ននេះ ការប៉ះទង្គិចប៉ាឡេស្ទីននិងអ៊ីស្រាអែលជុំនេះបានបណ្តាលឱ្យមនុស្សជាង៥២០០នាក់ស្លាប់បាត់បង់ជីវិត មន្ទីរពេទ្យចំនួន៤នៅតំបន់កាហ្សាបញ្ឈប់ផ្តល់សេវាកម្មសុខាភិបាលទាំងអស់ វិបតិ្តមនុស្សធម៌មានភាពកាន់តែអាប់អួទៅៗ ។ ប្រឈមនឹងសោកនាដកម្មបែបនេះ ក្នុងនាមជាភាគីពាក់ព័ន្ធដ៏សំខាន់ក្នុងបញ្ហាប៉ាឡេស្ទីននិងអ៊ីស្រាអែល អាមេរិកមិនត្រឹមតែមិនបានលួងលោមចិត្តរបស់ភាគីនានានៃការប៉ះទង្គិចប៉ុណ្ណោះទេ ថែមទាំងនៅប៉ុន្មានថ្ងៃកន្លងទៅនេះ ក៏បានបដិសេធពីរលើកចំពោះសេចក្តីព្រាងនៃសេចកី្តសម្រេចចិត្តស្តីពីការជួយសង្គ្រោះមនុស្សធម៌របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទៀតផង ហើយមិនអើពើនឹងការឡើងកម្តៅនៃការប៉ះទង្គិចរវាងប៉ាឡេស្ទីននិងអ៊ីស្រាអែល និងការស្លាប់បាត់បង់ជីវិតនិងរងរបួសរបស់ជនស៊ីវិលឥតទោសពៃរ៍ ។

ទាក់ទិននឹងករណីនេះ ប្រទេសជាច្រើន ដូចជាប្រេស៊ីល រុស្ស៊ីនិងចិនជាដើមបានសម្តែងការភ្ញាក់ផ្អើលនិងអស់សង្ឃឹម ។ នៅថ្ងៃទី១៨ ខែតុលា កាសែត«The Guardian » របស់អង់គ្លេសបានដកស្រង់ពាក្យសំដីរបស់មន្ត្រីអង្គការសិទ្ធិមនុស្សថា អាមេរិកតែងតែទាមទារឱ្យបណ្តាភាគីនានាគោរពច្បាប់មនុស្សធម៌អន្តរជាតិ ប៉ុន្តែទង្វើរបស់អាមេរិកដែលបានបដិសោធចំពោះសេចក្តីព្រាងនៃសេចកី្តសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ហាក់ដូចជាទះកំផ្លៀងខ្លួនឯង ។

តាមពិតទៅ ក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ការលំអៀងទៅខាងអ៊ីស្រាអែលរបស់អាមេរិក វាមិនមែនជាលើកទីមួយឡើយ ។ តាមការផ្សាយដំណឹងរបស់ស្ថានីយទូរទស្សន៍AL Jazeera នៃប្រទេសកាតាបានឱ្យដឹងថា ក្នុងរយៈពេលជាង៥០ឆ្នាំកន្លងមក អាមេរិកធ្លាប់ប្រើសិទ្ធិបោះឆ្នោតវេតូជាង៨០លើក ដើម្បីបដិសោធចំពោះសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខស្តីពីការរិះគន់អ៊ីស្រាអែលចំនួនជាង៥០ច្បាប់ ។

នៅយប់ថ្ងៃទី១៩ ខែតុលា តាមម៉ោងក្នុងតំបន់ លោក បៃដិន ប្រធានាធិបតីអាមេរិកបានថ្លែងសុន្ទរកថា មួយផ្នែកលោកបានអះអាងថាគាំទ្រ “ផែនការប្រទេសពីរ ” តែមួយផ្នែកទៀត បានរំលឹកឡើងវិញពីការគាំទ្រដល់អ៊ីស្រាអែល ព្រមទាំងបានលើកឡើងថា នឹងស្វែងរកឱ្យរដ្ឋសភាទម្លាក់ថវិកាបន្ថែមជាបន្ទាន់ ដើម្បីបង្កើនកម្លាំងយោធារបស់អ៊ីស្រាអែល ។ ទង្វើនេះមិនត្រឹមតែជាទង្វើលំអៀងតែប៉ុណ្ណោះទេ ថែមទាំងក៏ជាទង្វើយកសាំងមកចាក់លើភ្លើងទៀតផងទង្វើរបស់អាមេរិកបណ្តាលឱ្យអ្នកផងទាំងពួងចោទជាមន្ទិលសង្ស័យថា អាមេរិកមិនចង់ដោះស្រាយបញ្ហាដោយពិតប្រាកដទាល់តែសោះ ។

បន្ទាប់ពីការប៉ះទង្គិចរវាងប៉ាឡេស្ទីននិងអ៊ីស្រាអែលផ្ទុះឡើង មួយផ្នែក លោក បៃដិន ប្រធានាធិបតីអាមេរិក លោក Blinken រដ្ឋមន្ត្រីការបរទសេអាមេរិក និងលោក Austin រដ្ឋមន្ត្រីការពារជាតិអាមេរិកជាដើមបានទៅបំពេញទស្សនកិច្ចនៅមជ្ឈិមបូព៌ាជាបន្តបន្ទាប់ ហើយអះអាងថានឹងធ្វើកិច្ចសម្របសម្រួល ដើម្បីធ្វើឱ្យប៉ាឡេស្ទីននិងអ៊ីស្រាអែលសម្រេចបាននូវការឈប់បាញ់គ្នា មួយផ្នែកទៀត ក្រុមនាវាផ្ទុកយន្តហោះរបស់អាមេរិកបានធ្វើនាវាចរណ៍ទៅកាន់អ៊ីស្រាអែល សម្ភារៈយោធាគ្រប់ប្រភេទរបស់អាមេរិកត្រូវបានដឹកជញ្ជូនទៅកាន់អ៊ីស្រាអែលជាបន្តបន្ទាប់ ជាងនេះទៅទៀត អាមេរិកបានបដិសោធចំពោះសេចក្តីព្រាងនៃសេចកី្តសម្រេចចិត្តពីរច្បាប់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីការផ្តល់ជំនួយមនុស្សធម៌ដល់តំបន់កាហ្សា ទង្វើទាំងនេះគឺនិយាយផ្សេងធ្វើផ្សឹងទាំងស្រុង ។

ក្នុងសង្គ្រាមគ្មានអ្នកឈ្នះទេ ការដោះស្រាយការប៉ះទង្គិចដោយប្រើកម្លាំងហិង្សានឹងនាំមកនូវវិបតិ្តកាន់តែធ្ងន់ធ្ងរ ។ ប្រឈមនឹងការប៉ះទង្គិចនិងគ្រោះមហន្តរាយមនុស្សធម៌ជាបន្តបន្ទាប់ អាមេរិកគួរតែរ៉ាប់រងទំនួលខុសត្រូវ បញ្ឈប់ទង្វើ “លំអៀងទៅអ៊ីស្រាអែល” និងរួមសហការជាមួយសហគមន៍អន្តរជាតិ ដើម្បីជំរុញការឈប់បាញ់គ្នានិងបញ្ចប់សង្រ្គាម ។ បើពុំនោះសោត ពិភពលោកសុទ្ធតែនឹងបែរខ្នងដាក់អាមេរិកទាំងអស់ ៕ អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន

To Top