បរទេស៖ ប្រធានាធិបតីអាមេរិកលោក Joe Biden បានអំពាវនាវឱ្យអ៊ីស្រាអែល គោរពច្បាប់នៃសង្គ្រាម ហើយកុំធ្លាក់ចូលទៅក្នុង “កំហឹង” ដែលគ្មានន័យនៅក្នុងជម្លោះរបស់ខ្លួន ជាមួយពួកសកម្មប្រយុទ្ធ ប៉ាឡេស្ទីន។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Biden បាននិយាយក្នុងសុន្ទរកថា តាមទូរទស្សន៍មួយ កាលពីយប់ថ្ងៃព្រហស្បតិ៍ថា «នៅពេលខ្ញុំនៅអ៊ីស្រាអែល កាលពីម្សិលមិញ ខ្ញុំបាននិយាយថា នៅពេលអាមេរិកជួបនឹងនរកនៃថ្ងៃ១១កញ្ញា យើងក៏មានអារម្មណ៍ខឹងសម្បារផងដែរ»។ «ខណៈដែលយើងស្វែងរក និងទទួលបានយុត្តិធម៌ យើងបានធ្វើខុស។ ដូច្នេះ ខ្ញុំបានដាស់តឿនរដ្ឋាភិបាលអ៊ីស្រាអែល កុំឱ្យបិទភ្នែក ដោយធ្វើដោយកំហឹង»។
លោកបាននិយាយថា លោកបានដាស់តឿននាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ប្រឆាំងនឹងការផ្តោតទៅលើជនស៊ីវិលប៉ាឡេស្ទីន នៅក្នុងការវាយប្រហារតាមអាកាស ជាការសងសឹកទៅលើតំបន់ហ្គាហ្សា។
លោក Biden បាននិយាយថា “លោក Netanyahu និងខ្ញុំ បានពិភាក្សាម្តងទៀតកាលពីម្សិលមិញអំពីតម្រូវការសំខាន់សម្រាប់អ៊ីស្រាអែលដើម្បីប្រតិបត្តិការដោយច្បាប់សង្រ្គាម។ នោះមានន័យថា ការពារជនស៊ីវិលក្នុងការប្រយុទ្ធឱ្យល្អបំផុតតាមដែលអាចធ្វើបាន” ដោយលោកបានបន្ថែមថា ប្រជាជននៅតំបន់ហ្គាហ្សាត្រូវតែមានលទ្ធភាពទទួលបានអាហារ ឱសថ និងជំនួយមនុស្សធម៌ផ្សេងទៀត៕
ប្រែសម្រួលៈ ណៃ តុលា