ស្របពេលដែលការរួមគ្នាកសាង”ខ្សែក្រវាត់និងផ្លូវ”ឈានចូលដំណាក់កាលថ្មីនៃការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលសកលបានទទួលឱកាសថ្មី។ក្នុងពិធីបើកវេទិកាកំពូល“ខ្សែក្រវាត់និងផ្លូវ”សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិលើកទី៣ដែលបានធ្វើឡើងនាពេលថ្មីៗនេះ នៅពេលថ្លែងសុន្ទរកថាគន្លឹះ លោកXiJinpingប្រធានរដ្ឋចិនបានលើកឡើងថា ភាគីចិននឹងបង្កើតតំបន់នាំមុខធ្វើកិច្ចសហប្រតិបត្តិការ”ធុរកិច្ចអេឡិចត្រូនិកផ្លូវសូត្រ” និងរៀបចំ”ពិព័រណ៍ពាណិជ្ជកម្មឌីជីថលសកល”ជារៀងរាល់ឆ្នាំ។ប្រទេសចិននិងប្រទេសពាក់ព័ន្ធក៏បានរួមគ្នាចេញផ្សាយឯកសារសមិទ្ធផលដូចជា《គំនិតផ្តួចផ្តើមក្រុងប៉េកាំង នៃកិច្ចសហប្រតិបត្តិការអន្តរជាតិស្តីពីសេដ្ឋកិច្ចឌីជីថលនៃ”ខ្សែក្រវាត់និងផ្លូវ”》ជាដើម។ មជ្ឈដ្ឋានខាងក្រៅបានយល់ឃើញជាទូទៅថា នេះនឹងជំរុញកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចឌីជីថលរវាងប្រទេសចិននិងបណ្តាប្រទេសដែលរួមគ្នាកសាង”ខ្សែក្រវាត់និងផ្លូវ”ឱ្យកាន់តែស៊ីជម្រៅនិងកាន់តែរឹងមាំ។
នាពេលបច្ចុប្បន្ន សង្គមមនុស្សជាតិកំពុងឆ្លងកាត់រលកបដិវត្តន៍ឧស្សាហកម្មលើកទី៤ដែលប្រកបដោយលក្ខណៈពិសេសដូចជាការធ្វើឌីជីថលភាវូបនីយកម្ម បណ្តាញអ៊ីនធើណេតនិងភាពវៃឆ្លាត។ យោងតាមស្ថិតិនៃរបាយការណ៍ពាក់ព័ន្ធបង្ហាញឱ្យដឹងថា នៅឆ្នាំ២០២២ ទំហំសេដ្ឋកិច្ចឌីជីថលសរុបនៃប្រទេសចំនួន៥ដែលបូករួមទាំងអាមេរិក ចិន អាល្លឺម៉ង់ ជប៉ុននិងកូរ៉េខាងត្បូងបានឡើងដល់៣១ទ្រីលានដុល្លារអាមេរិក ហើយសមាមាត្រនៃសេដ្ឋកិច្ចឌីជីថលក្នុងGDPមានដល់៥៨ភាគរយដែលមានទំហំសរុបកើនឡើងជាបន្តបន្ទាប់។ ប៉ុន្តែ ម៉្យាងវិញទៀត ដោយសារគម្លាតឌីជីថលយ៉ាងខ្លាំង ប្រទេសកំពុងអភិវឌ្ឍន៍ទាំងឡាយមិនបានចែករំលែកយ៉ាងពេញលេញនូវឱកាសនិងសមិទ្ធផលដែលនាំមកដោយបដិវត្តន៍បច្ចេកវិទ្យាឌីជីថលទេ នេះបានរារាំងការបោះជំហានទៅមុខរបស់ពួកគេក្នុងដំណើរសម្រេចបាននូវការធ្វើទំនើបកម្ម។
កាលពី១០ឆ្នាំមុន ភាគីចិនបានបំផុសគំនិតផ្តួចផ្តើម“ខ្សែក្រវ៉ាត់និងផ្លូវ”។ ក្រោមគោលដៅទូទៅនៃ”ការតភ្ជាប់គ្នា” ទិសដៅសំខាន់មួយ គឺជំរុញឱ្យបណ្តាប្រទេសដែលរួមគ្នាកសាងធ្វើកិច្ចសហប្រតិបត្តិការយ៉ាងទូលំទូលាយក្នុងវិស័យដូចជាបច្ចេកវិទ្យាឌីជីថល ហេដ្ឋារចនាសម្ព័ន្ធឌីជីថលនិងទីផ្សារឌីជីថលជាដើម។ ក្រោមការចូលរួមនិងជំរុញយ៉ាងសកម្មរបស់ប្រទេសចិន ការកសាង”ផ្លូវសូត្រឌីជីថល”បានទទួលនូវសមិទ្ធផលគួរឱ្យកត់សម្គាល់។
ស្ថានីយសេវា5G មជ្ឈមណ្ឌលទិន្នន័យ មជ្ឈមណ្ឌលcloud computing ទីក្រុងឆ្លាតវៃជាដើមត្រូវបានបង្កើតនៅប្រទេសជាច្រើន សំណង់របស់ប្រទេសជាច្រើនដែលរួមគ្នាកសាងខ្សែក្រវាត់និងផ្លូវ ដូចជាកំពង់ផែ ផ្លូវដែក ផ្លូវថ្នល់ និងសំណង់ធារាសាស្រ្តជាដើមត្រូវលើកកម្ពស់លំដាប់ថ្នាក់តាមរយៈការធ្វើឌីជីថលភាវូបនីយកម្ម។
ផ្កាយរណបBeidou-៣បានផ្តល់សេវាកម្មនាំផ្លូវគ្រប់ជ្រុងជ្រោយដល់ខ្សែផ្លូវរថភ្លើងចិន-អឺរ៉ុប និងការដឹកជញ្ជូនតាមនាវាចរណ៍ជាដើម។ល។គម្រោងទាំងនេះ មិនត្រឹមតែបានលើកកម្ពស់យ៉ាងខ្លាំងនូវកម្រិតសាងសង់ហេដ្ឋារចនាសម្ព័ន្ធព័ត៌មានឌីជីថលរបស់បណ្តាប្រទេសដែលរួមគ្នាកសាងប៉ុណ្ណោះទេ ថែមទាំងក៏បានកែប្រែជីវភាពរស់នៅរបស់ប្រជាជនជាច្រើនផងដែរ។
បន្ទាប់ពីការសន្សំនូវបទពិសោធន៍អស់រយៈពេល១០ឆ្នាំ កិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចឌីជីថលនៃ”ខ្សែក្រវាត់និងផ្លូវ”បានឈរនៅទីចាប់ផ្តើមថ្មី។
ទំហំសេដ្ឋកិច្ចឌីជីថលរបស់ចិនក្នុងឆ្នាំ២០២២បានជាប់ចំណាត់ថ្នាក់ទី២លើពិភពលោក។ នៅពេលអនាគត ឆ្លងតាមរយៈការបង្កើតតំបន់នាំមុខធ្វើកិច្ចសហប្រតិបត្តិការ”ធុរកិច្ចអេឡិចត្រូនិកផ្លូវសូត្រ” និងរៀបចំ”ពិព័រណ៍ពាណិជ្ជកម្មឌីជីថលសកល” ប្រទេសចិននឹងលើកកម្ពស់ប្រសិទ្ធិភាពនៃកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចឌីជីថលជាមួយបណ្តាប្រទេសដែលរួមគ្នាកសាង”ខ្សែក្រវាត់និងផ្លូវ” ក៏ដូចជាត្រួសត្រាយចន្លោះអភិវឌ្ឍន៍ថ្មីសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងបណ្តាប្រទេសនានា។
ឈានចូលរយៈពេល១០ឆ្នាំថ្មីនៃការរួមគ្នាកសាង”ខ្សែក្រវាត់និងផ្លូវ”ប្រកបដោយគុណភាពខ្ពស់ ប្រទេសចិននឹងបន្តជំរុញការច្នៃប្រឌិតថ្មីនិងការចែករំលែកបច្ចេកវិទ្យាឌីជីថល ដើម្បីធ្វើឱ្យបណ្តាប្រទេសដែលរួមគ្នាកសាង”ខ្សែក្រវាត់និងផ្លូវ”សម្រេចបាននូវទំនើបកម្មក្នុងពេលឆាប់ៗតាមរយៈ”ផ្លូវសូត្រឌីជីថល”នេះ៕ អត្ថបទដោយវិទ្យុមិត្តភាពកម្ពុជាចិន