ព័ត៌មានអន្តរជាតិ

Update៖ ពលរដ្ឋប្រមាណជាង ១០ម៉ឺននាក់ នាំគ្នាធ្វើបាតុកម្មគាំទ្រដល់ប៉ាឡេស្ទីន នៅកណ្តាលទីក្រុងឡុងដ៏

AFP

ឡុងដ៍៖ ប្រភពពីទីភ្នាក់ងារ Reuters បានផ្សព្វផ្សាយនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣ថា កាលពីថ្ងៃសៅរ៍ គេឃើញមានមនុស្សប្រមាណ១០០.០០០នាក់ បានចូលរួមធ្វើបាតុកម្មគាំទ្រដល់ប៉ាឡេស្ទីន នៅចំកណ្តាលទីក្រុងឡុងដ៍ ដោយដើរដង្ហែរឆ្លងកាត់ រដ្ឋធានីរបស់ចក្រភពអង់គ្លេស ដើម្បីទាមទារឲ្យមានបទឈប់បាញ់ ជាបន្ទាន់នៅតំបន់ហ្គាហ្សា ក្រោយពីការវាយប្រហាររបស់ ពួកហាម៉ាសមកលើអ៊ីស្រាអ៊ែល កាលពី២សប្តាហ៍មុននោះ ។

ក្រុមបាតុករទាំងនោះបានស្រែកថា “ប៉ាឡេស្ទីនសេរី” ដោយកាន់បដា និងគ្រវីទង់ជាតិប៉ាឡេស្ទីន ក្រុមអ្នកតវ៉ាបានធ្វើដំណើរឆ្លងកាត់ទីក្រុងឡុងដ៍ នៅមុនពេលប្រមូលផ្តុំគ្នានៅឯ Downing Street ដែលជាលំនៅដ្ឋានផ្លូវការ និងការិយាល័យរបស់នាយករដ្ឋមន្ត្រីអង់គ្លេស លោក Rishi Sunak ។

ប៉ូលិសបានប៉ាន់ប្រមាណថា មានមនុស្ស១០០.០០០នាក់ បានចូលរួមក្នុងការធ្វើបាតុកម្ម ដែលបានរៀបចំឡើងដោយយុទ្ធនាការ សាមគ្គីភាពប៉ាឡេស្ទីន ។

ស្ត្រីម្នាក់និយាយថា “ក្នុងនាមជាជនជាតិប៉ាឡេស្ទីន ដែលចង់វិលត្រឡប់ទៅផ្ទះវិញនៅថ្ងៃណាមួយ ក្នុងនាមជាជនជាតិប៉ាឡេស្ទីន ដែលមានបងប្អូននៅតំបន់ហ្គាហ្សា និងក្រុមគ្រួសារ ខ្ញុំប្រាថ្នាថា យើងអាចធ្វើបានលើសពីនេះ ប៉ុន្តែការតវ៉ាគឺជាអ្វីដែលយើងអាចធ្វើបាននៅពេលនេះ” ដោយនាងបានបដិសេធ មិនប្រាប់ឈ្មោះរបស់នាងឡើយ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top