ព័ត៌មានអន្តរជាតិ

Update៖ អេហ្ស៊ីប បើកកិច្ចប្រជុំកំពូលអន្តរជាតិ ដើម្បីស្វែងរកសន្តិភាព នៅតំបន់ហ្គាហ្សា

រូបភាពពី៖​ XINHUA

គែរ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣ថា កិច្ចប្រជុំកំពូលសន្តិភាពអន្តរជាតិមួយបានបញ្ចប់កាលពីថ្ងៃសៅរ៍នៅឯរដ្ឋធានីរដ្ឋបាលថ្មីរបស់ប្រទេសអេហ្ស៊ីប នៅភាគខាងកើតនៃទីក្រុងគែរ ជាកន្លែងដែលប្រមុខរដ្ឋ និងរដ្ឋមន្ត្រីមកពីប្រទេសជាច្រើនបានជំរុញឱ្យបញ្ចប់ជម្លោះប្រដាប់អាវុធអ៊ីស្រាអ៊ែល និងក្រុមហាម៉ាស់ដែលកំពុងបន្តបាញ់ប្រហារគ្នានៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប ។

គួរបញ្ជាក់ថា កិច្ចប្រជុំកំពូលនេះ ត្រូវបានគេឲ្យឈ្មោះថា កិច្ចប្រជុំកំពូលទីក្រុងគែរ ដើម្បីសន្តិភាព ដោយសន្និសីទបានចាប់ផ្ដើមធ្វើកាលពីព្រឹកថ្ងៃសៅរ៍ ហើយត្រូវបានអំពាវនាវដោយប្រធានាធិបតីអេហ្ស៊ីប លោក Abdel-Fattah al-Sisi ឱ្យបន្ធូរបន្ថយជម្លោះនៅតំបន់ហ្គាហ្សា បន្តបទឈប់បាញ់ និងស្វែងរកដំណោះស្រាយចំពោះអ៊ីស្រាអ៊ែល ដែលមានរយៈពេលយូរនៃជម្លោះប៉ាឡេស្ទីនតាមរយៈ “ដំណោះស្រាយរដ្ឋ២” ។

ប្រទេសអេហ្ស៊ីប បានថ្កោលទោសចំពោះ “អំពើភេរវកម្មរបស់ជនស៊ីវិល” និងបង្ហាញពីការភ្ញាក់ផ្អើលរបស់ខ្លួនចំពោះការឆ្លើយតបរបស់ពិភពលោកចំពោះវិបត្តិមនុស្សធម៌នៅតំបន់ហ្គាហ្សា ។ លោក Sisi បានថ្លែងនៅក្នុងសុន្ទរកថារបស់គាត់នៅពេលធ្វើការបើកកិច្ចប្រជុំកំពូលនេះ ។

ប្រធានាធិបតីអេហ្ស៊ីប បានច្រានចោលការផ្លាស់ទីលំនៅរបស់ជនជាតិប៉ាឡេស្ទីនទៅកាន់ទឹកដីអេហ្ស៊ីប ដោយបានបញ្ជាក់ថា ការបញ្ចប់នូវបញ្ហាប៉ាឡេស្ទីន ដោយគ្មានដំណោះស្រាយត្រឹមត្រូវ “នឹងមិនកើតឡើងទេ ហើយនឹងមិនកើតឡើងដែលជាបន្ទុករបស់អេហ្ស៊ីបនោះដែរ” ។

លោក Sisi បានសង្កត់ធ្ងន់ថា ដំណោះស្រាយដ៏ទូលំទូលាយ និងយុត្តិធម៌ចំពោះបញ្ហាប៉ាឡេស្ទីន ដោយផ្អែកលើ “ដំណោះស្រាយរដ្ឋពីរ” ត្រូវតែឈានដល់ការចចារគ្នា ។

គេបានដឹងថា កិច្ចប្រជុំកំពូលនេះមានការអញ្ជើញចូលរួមពីសំណាក់មេដឹកនាំប្រទេសអារ៉ាប់ និងលោកខាងលិចប្រមាណ៣០រូប រួមទាំងប្រធានាធិបតីប៉ាឡេស្ទីន ព្រះមហាក្សត្រ ហ្ស៊កដានី អធិរាជនៃប្រទេសកាតា ប្រធានាធិបតីអារ៉ាប់រួម នាយករដ្ឋមន្រ្តីអ៊ីតាលី នាយករដ្ឋមន្រ្តីអេស្ប៉ាញ នាយករដ្ឋមន្រ្តីក្រិច និង ប្រធានាធិបតី Cyprus ។ លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ ប្រធានក្រុមប្រឹក្សាអឺរ៉ុប តំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ និងបេសកជនពិសេសរបស់រដ្ឋាភិបាលចិន ស្តីពីបញ្ហាមជ្ឈិមបូព៌ា ក៏កំពុងចូលរួមផងដែរ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top