ព័ត៌មានអន្តរជាតិ

អាមេរិក នឹងបន្ថែមប្រព័ន្ធការពារ ដែនអាកាស THAAD និង Patriot នៅជិតអ៊ីស្រាអែល

Photo: Government House

បរទេស៖ មន្ទីរបញ្ចកោណបានប្រកាសថា សហរដ្ឋអាមេរិកបានបង្កើនការបោះជំហានយោធារបស់ខ្លួននៅក្នុងតំបន់មជ្ឈិមបូព៌ា ចំពេលមានជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ ដោយអាមេរិកបានបញ្ជូនប្រព័ន្ធការពារដែនអាកាសបន្ថែមទៅកាន់តំបន់នេះ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកលោក Lloyd Austin បាននិយាយថា លោកបានធ្វើឱ្យសកម្មការដាក់ពង្រាយប្រព័ន្ធ Terminal High Altitude Area Defense (THAAD) ក៏ដូចជា ប្រព័ន្ធកាំជ្រួចហ្វូង Patriot បន្ថែមនៅក្នុងទីតាំងដែលមិនបានបង្ហាញមួយចំនួននៅមជ្ឈិមបូព៌ា ដើម្បីបង្កើនការការពារកងកម្លាំងសហរដ្ឋអាមេរិក។

ប្រព័ន្ធការពារមីស៊ីល THAAD មានចម្ងាយប្រតិបត្តិការប្រហែល ២០០ គីឡូម៉ែត្រ ហើយត្រូវបានរចនាឡើងដើម្បីស្ទាក់ចាប់មីស៊ីលប្រភេទផ្សេងៗ។ ចំណែកប្រព័ន្ធកាំជ្រួច Patriots ដែលថ្មីៗនេះបានឃើញសកម្មភាពនៅក្នុងប្រទេសអ៊ុយក្រែន មានរយៈចម្ងាយរហូតដល់ ១៦០គីឡូម៉ែត្រ និងអាចបាញ់ទម្លាក់មីស៊ីល យន្តហោះគ្មានមនុស្សបើក និងយន្តហោះចម្បាំង បាន។

យោងតាមលោក Austin ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងបន្ទាប់ពី “ការពិភាក្សាលម្អិត” ជាមួយប្រធានាធិបតីអាមេរិកលោក Joe Biden “លើការកើនឡើងភាពតានតឹងនាពេលថ្មីៗនេះដោយអ៊ីរ៉ង់ និងកងកម្លាំងប្រូកស៊ី (តំណាង) របស់ខ្លួននៅទូទាំងមជ្ឈឹមបូព៌ា” ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងជារួមសំដៅគាំទ្រអ៊ីស្រាអែល។

រដ្ឋមន្ត្រីការពារជាតិអាមេរិករូបនេះបានបន្ថែមថា លោកក៏បានបញ្ជាឱ្យចំនួនកងកម្លាំងអាមេរិកដែលមិនបានបញ្ជាក់ច្បាស់លាស់ ដើម្បីត្រៀមដាក់ពង្រាយ “ជាផ្នែកនៃផែនការសង្គ្រោះបន្ទាន់ប្រកបដោយការប្រុងប្រយ័ត្ន”៕

ប្រែសម្រួលៈ ណៃ តុលា

To Top