ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង ឃាត់ទុកនាវា១គ្រឿង ដឹកមនុស្សសង្ស័យ រត់គេចពីទឹកដី របស់កូរ៉េខាងជើង

AFP

សេអ៊ូល៖ ប្រភពពីទីភ្នាក់ងារ Reuters បានផ្សព្វផ្សាយនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ថា យោធាបានឲ្យដឹងថា នៅថ្ងៃអង្គារនេះ អាជ្ញាធរកូរ៉េខាងត្បូង បានឃាត់ទុកនាវារបស់កូរ៉េខាងជើង ចំនួន១គ្រឿង ដែលដឹកមនុស្សហើយគេជឿថា កំពុងស្វែងរកការធ្វើចំណាកស្រុក ដោយចេញពីទឹកដី នៃប្រទេសឯកោមួយនេះ ។

អគ្គសេនាធិការចម្រុះបានឲ្យដឹងថា នាវាធ្វើអំពីឈើតូចចំនួន១គ្រឿងត្រូវបានបញ្ឈប់ការធ្វើដំណើរដោយចេញពីទីក្រុង Sokcho ភាគខាងកើតរបស់ប្រទេសកូរ៉េខាងត្បូង បន្ទាប់ពីត្រូវបានគេប្រទះឃើញ នៅជិតខ្សែបន្ទាត់ព្រំដែនភាគខាងជើង ដែលជាព្រំដែនសមុទ្ររវាងកូរ៉េទាំង២ កាលពីព្រឹកថ្ងៃអង្គារនេះ ។

យោធាមិនបានបង្ហាញថា មានមនុស្សប៉ុន្មាននាក់ដែលបានជិះលើនាវានោះទេ ប៉ុន្តែទីភ្នាក់ងារព័ត៌មាន យ៉ុនហាប់ បានរាយការណ៍មកថា មានជនជាតិកូរ៉េខាងជើង ចំនួន៤នាក់នៅលើនាវានោះ ហើយបានបង្ហាញចេតនាចង់សុំចុះចាញ់ ។

គួរបញ្ជាក់ថា នេះជាករណីទី២ហើយ ដែលគេបានដឹងថា ជនជាតិកូរ៉េខាងជើង បានឆ្លងព្រំដែនសមុទ្រ ដើម្បីស្វែងរកការភៀសខ្លួន ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ក្រោយពីមនុស្សចំនួន៩នាក់ បានឆ្លងកាត់ព្រំដែនសមុទ្រភាគខាងលិច នៅលើទូកនេសាទ កាលពីខែឧសភានោះ ។

គេបានដឹងថា ជនភៀសខ្លួនកូរ៉េខាងជើង ភាគច្រើនធ្វើដំណើរឆ្លង កាត់ប្រទេសចិន និងអាស៊ីអាគ្នេយ៍ ជាជាងព្យាយាមឆ្លងកាត់ព្រំដែន ដែលមានការយាម កាមយ៉ាងតឹងរឹង រវាងកូរ៉េខាងជើង និងកូរ៉េខាងត្បូង ។

នៅក្នុងឆ្នាំ២០១៩ ប្រទេសកូរ៉េខាងត្បូង បាននិរទេសអ្នកនេសាទកូរ៉េខាងជើង ចំនួន២នាក់ដែលសង្ស័យថា បានសម្លាប់មិត្តរួមការងារចំនួន១៦នាក់នៅលើនាវា របស់ពួកគេនៅពេលកំពុង ឆ្លងកាត់ព្រំដែនសមុទ្រ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top