ព័ត៌មានអន្តរជាតិ

Update៖ លោក វ៉ាង យី ថ្លែងប្រាប់សមភាគីអ៊ីស្រាអ៊ែល “បណ្តាប្រទេសទាំងអស់” មានសិទ្ធិស្វ័យការពារខ្លួន

ប្រភព ៖ AFP

ប៉េកាំង៖ ប្រភពពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ថា លោករដ្ឋមន្ត្រីក្រសួងការបរទេសចិន បានប្រាប់ដល់សមភាគីអ៊ីស្រាអ៊ែល យ៉ាងដូច្នេះថា “គ្រប់ប្រទេសទាំងអស់” មានសិទ្ធិការពារនូវស្វ័យការពាររបស់ខ្លួន ។ លោកបានថ្លែងពីទីក្រុងប៉េកាំង នៅថ្ងៃអង្គារនេះ តាមរយៈការហៅទូរស័ព្ទ ជាលើកដំបូងរវាងអ្នកការទូតកំពូល របស់ប្រទេសទាំង២ ចាប់តាំងពីមានជម្លោះ កើតឡើងរវាង អ៊ីស្រាអ៊ែល និងក្រុមហាម៉ាស ។
លោក វ៉ាង យី (Wang Yi) បានប្រាប់ដល់ រដ្ឋមន្ត្រីការបរទេស អ៊ីស្រាអ៊ែល លោក Eli Cohen ថា “ប្រទេសទាំងអស់មាន សិទ្ធិការពារខ្លួនឯង” ។

ក៏ប៉ុន្តែលោកបានសង្កត់ធ្ងន់ថា “ពួកគេគួរតែគោរពច្បាប់ មនុស្សធម៌អន្តរជាតិ និងការពារសុវត្ថិភាពដល់ជនស៊ីវិល” ។

លោក វ៉ាង បានសន្យាថា ប្រទេសចិន នឹង “ប្រឹងប្រែងឱ្យអស់ពីសមត្ថភាព” ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងដែល “អំណោយផលដល់ការស្វែងរកសន្តិភាព” ។

គួររំលឹកថា ក្រុមសកម្មប្រយុទ្ធ ហាម៉ាស បានចូលវាយលុកនៅក្នុងទឹកដីអ៊ីស្រាអ៊ែល ដែលចេញពីតំបន់ហ្គាហ្សាស្ទ្រីប កាលពីថ្ងៃទី៧ ខែតុលា ហើយបានសម្លាប់មនុស្សយ៉ាងហោចណាស់១.៤០០នាក់ ដែលភាគច្រើនជាជនស៊ីវិល ហើយត្រូវបានបាញ់សម្លាប់ កាត់អវៈយវៈ ឬដុតសម្លាប់នៅថ្ងៃដំបូងនៃការវាយឆ្មក់ ។ នេះបើការបញ្ជាក់ពីមន្ត្រីអ៊ីស្រាអ៊ែល បានឲ្យដឹងដូច្នេះ ។

អ៊ីស្រាអ៊ែល បានបញ្ជាក់ថា យុទ្ធជនហាម៉ាស់ប្រហែល១.៥០០នាក់ត្រូវបានសម្លាប់ នៅក្នុងពេលប៉ះទង្គិចគ្នា នៅមុនពេលដែលកងទ័ព របស់ខ្លួនដណ្តើមបានមកវិញ នូវតំបន់ដែលកំពុងរង ការវាយប្រហារនោះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top