ELSINKI៖ ប្រភពពីទីភ្នាក់ងារ Reuters បានផ្សព្វផ្សាយនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ថា ការខូចខាតបំពង់បង្ហូរឧស្ម័ននៅសមុទ្របាល់ទិកកាលពីដើមខែនេះ ត្រូវបានគេជឿថា បណ្តាលមកពីនាវាដែលបានអូសយុថ្កាដ៏ធំមួយនៅតាមបាតសមុទ្រ ប៉ុន្តែវាលឿនពេកក្នុងការប្រាប់ឲ្យដឹង ថាតើនេះ ជាឧបទ្ទវហេតុ ឬជាទង្វើដោយចេតនា ។
ក្រុមអ្នកស៊ើបអង្កេតបានលើកឡើងថា ឥឡូវនេះពួកគេបានទាញយកយុថ្កាដែលបាត់ពីទីតាំងបាតសមុទ្រដែលបំពង់បង្ហូរប្រេងបានផ្ទុះកាលពីថ្ងៃទី៨ ខែតុលា ហើយកំពុងស៊ើបអង្កេត ថាតើ វាជារបស់នាវាកុងតឺន័ររបស់ប្រទេសចិនដែរឬទេ ។
ប៉ូលិសបានបញ្ជាក់ថា ការខូចខាតបំពង់បង្ហូរឧស្ម័នក្រោមបាតសមុទ្រ Balticconnector និងខ្សែកាបទូរគមនាគមន៍នៅសមុទ្រ បាល់ទិក (Baltic) ពីរគឺបណ្តាលមកពីកម្លាំងមេកានិចខាងក្រៅ ហើយកំពុងស៊ើបអង្កេត ថាតើ នេះជាករណីបំផ្លិចបំផ្លាញ ឬបណ្តាលមកពីគ្រោះថ្នាក់កើតឡើងដោយចៃដន្យ ។
ស្នាមអូសយ៉ាងធំត្រូវបានគេឃើញនៅបាតសមុទ្រដែលនាំទៅកាន់កន្លែងដែលបំពង់បង្ហូរប្រេងបានខូច ហើយយុថ្កាត្រូវបានគេនាំយកមកភ្លាមៗបន្ទាប់ពីដឹងពីកន្លែងខូចខាត ។ ប៉ូលិសបានបញ្ជាក់ថា ផ្លូវតូចចង្អៀតមួយត្រូវបានគេឃើញនៅលើបាតសមុទ្រលាតសន្ធឹងទៅមុខរាប់សិបម៉ាយឯណោះ ។
ពួកគេបានបញ្ជាក់ទៀតថា បំណែកនៃយុថ្កាមួយក្នុងចំណោមស្នែង២របស់វាបានដាច់ចេញ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា