ប៉េកាំង៖ ប្រភពពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ថា កាលពីថ្ងៃអង្គារម្សិលមិញនេ ប្រទេសចិន បានប្រកាសដកលោក Li Shangfu ចេញពីតំណែងជារដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាទីប្រឹក្សារដ្ឋ ដែលនេះជាការទម្លាក់មុខតំណែងមេដឹកនាំជាន់ខ្ពស់ជាលើកទី២ក្នុងរយៈពេល៣ខែមកនេះ ។
គួរបញ្ជាក់ថា លោក Qin Gang ដែលត្រូវបានដកចេញពីតំណែងជារដ្ឋមន្ត្រីការបរទេសកាលពីខែកក្កដា ក៏ត្រូវបានដកហូតតំណែងជាទីប្រឹក្សារដ្ឋរបស់គាត់ផងដែរកាលពីថ្ងៃអង្គារ ។
ទូរទស្សន៍រដ្ឋ CCTV បានរាយការណ៍មកថា សមាជិកសភាកំពូលរបស់ប្រទេសចិន គណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនជាតិបានអនុម័តលើការដកតំណែងសម្រាប់បុគ្គលទាំង២នេះ ។
សម្រាប់ការដកមុខតំណែងនេះដែរ គឺមិនមានការពន្យល់ក្បោះក្បាយអ្វីនោះទេ ហើយក៏គ្មានអ្នកជំនួសតំណែងលោក Li ត្រូវបានតែងតាំងភ្លាមៗនោះដែរ ដោយទុកឱ្យប្រទេសនេះអវត្តមានរដ្ឋមន្ត្រីការពារជាតិ ខណៈដែលខ្លួនរៀបចំធ្វើជាម្ចាស់ផ្ទះទទួលមន្ត្រីការពារជាតិនៅឯវេទិកា Xiangshan នៅទីក្រុងប៉េកាំង ដែលនឹងចាប់ពីថ្ងៃទី២៩ រហូតដល់ថ្ងៃទី៣១ ខែតុលា ខាងមុខនេះ ។
ទូរទស្សន៍ CCTV បានឱ្យដឹងថា លោក Wang Zhigang រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងលោក Liu Kun រដ្ឋមន្ត្រីហិរញ្ញវត្ថុ ក៏ត្រូវបានដកចេញពីមុខតំណែងផងដែរ ដោយជំនួសមកវិញ គឺ លោក Yin Hejun ដែលជាលេខាធិការគណបក្សក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាបច្ចុប្បន្ននេះ និងលោក Lan Fo’an ដែលជាលេខាធិការគណបក្សក្រសួងហិរញ្ញវត្ថុ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា