ព័ត៌មានអន្តរជាតិ

កុមារជាង ២.០០០ នាក់ បានស្លាប់នៅក្នុងការ ទម្លាក់គ្រាប់បែក របស់អ៊ីស្រាអែល នៅតំបន់ហ្គាហ្សា ក្នុងរយៈពេល ១៧ ថ្ងៃមកនេះ

ប្រភព ៖ AFP

បរទេស ៖ ក្រុមជំនួយដែលមានមូលដ្ឋាន នៅចក្រភពអង់គ្លេសគឺ Save the Children បាននិយាយថា យ៉ាងហោចណាស់មានកុមារ ២.០០០ នាក់បានស្លាប់ នៅក្នុងការទម្លាក់គ្រាប់បែក របស់អ៊ីស្រាអែល នៅតំបន់ហ្គាហ្សាក្នុងរយៈពេល ១៧ ថ្ងៃកន្លងមកនេះ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា អង្គការសប្បុរសធម៌ បានដកស្រង់តួលេខ ពីក្រសួងសុខាភិបាល ដែលប្រតិបត្តិការ ដោយក្រុមហាម៉ាស នៅហ្គាហ្សា ដែលបានបញ្ជាក់ កាលពីថ្ងៃចន្ទថា យ៉ាងហោចណាស់មនុស្ស ៥.០៨៧ នាក់ ត្រូវបានសម្លាប់នៅក្នុងការឡោមព័ទ្ធ របស់អ៊ីស្រាអែល រួមទាំងកុមារយ៉ាងហោច ណាស់ ២.០៥៥ នាក់។

អង្គការ Save the Children បាននិយាយថា “ផ្ទះរាប់ពាន់ខ្នង និងសួនកុមាររាប់សិបកន្លែង សាលារៀន មន្ទីរពេទ្យ ព្រះវិហារ និងវិហារអ៊ីស្លាម ត្រូវបានខូចខាត ឬបំផ្លាញនៅក្នុងហ្គាហ្សា និងយ៉ាងហោចណាស់មានកុមារ ៤.៦០០ នាក់ បានរងរបួស ដូចដែលបានរាយការណ៍ដោយក្រសួងសុខាភិបាល ហ្គាហ្សា ដោយខ្លះមានការរលាកធ្ងន់ធ្ងរ បាត់បង់អវយវៈ និងរបួសដោយការផ្ទុះដ៏គួរឱ្យរន្ធត់ផ្សេងទៀត ។

អង្គការនេះបានអះអាងថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលគឺ “បានសម្លាប់ និងធ្វើឱ្យកុមាររងរបួសដោយមិនរើសអើង”។

បន្ថែមពីលើកុមារចំនួន ២.០៥៥ នាក់ដែលត្រូវបានគេនិយាយថា ត្រូវបានសម្លាប់នៅហ្គាហ្សា អង្គការសប្បុរសធម៌នេះ ក៏បានកត់សម្គាល់ផងដែរ នូវរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយរបស់អ៊ីស្រាអែល ដែលបញ្ជាក់ថា “កុមារ ២៧ នាក់ទៀតត្រូវបានសម្លាប់នៅក្នុងអ៊ីស្រាអែល” ។

អ៊ីស្រាអែលបានបាញ់ទម្លាក់គ្រាប់បែក មិនធ្លាប់មានពីមុនមកលើតំបន់ហ្កាហ្សា ជាការសងសឹកចំពោះការលុកលុយ ដ៏ភ្ញាក់ផ្អើលកាលពីថ្ងៃទី៧ ខែតុលា ចូលក្នុងទឹកដីរបស់ខ្លួន ដោយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាស។ មនុស្សប្រហែល ១.៤០០ នាក់ ដែលភាគច្រើនជាជនស៊ីវិល ត្រូវបានសម្លាប់នៅក្នុងការ វាយប្រហារ ក្នុងអំឡុងពេលនោះ ក្រុមយុទ្ធជនហាម៉ាស់ ក៏បានចាប់ចំណាប់ខ្មាំង ២៥០ នាក់ផងដែរ៕
ប្រែសម្រួលៈ ណៃ តុលា

To Top