ពេលថ្មីៗកន្លងទៅនេះ កប៉ាល់ស៊ីវិលពីរគ្រឿងនិងនាវាឆ្មាំសមុទ្រពីរគ្រឿងរបស់ប្រទេសហ្វីលីពីន បានសម្រុកចូលទៅក្នុងដែនទឹកតាមតែទំនើងចិត្ត ដែលជាប់នឹងថ្មប៉ប្រះទឹក Ren’ai នៃប្រជុំកោះ Nansha របស់ប្រទេសចិន ដោយគ្មានការអនុញ្ញាតពីរដ្ឋាភិបាលចិន ហើយបានបើកបុកនាវាឆ្មាំសមុទ្រចិន ដែលកំពុងអនុវត្តច្បាប់នៅកន្លែងកើតហេតុនិងទូកនេសាទចិន ដែលកំពុងដំណើរការជាប្រក្រតី ។ មិនត្រឹមតែប៉ុណ្ណោះទេ ភាគីហ្វីលីពីនថែមទាំងបានទម្លាក់កំហុសនិងស្ដីបន្ទោសប្រទេសចិនថា មានចេតនាបង្ករឿងហេតុ ។
ស្របពេលជាមួយគ្នានេះ ក្រសួងការបរទេសអាមេរិកក៏បានចេញផ្សាយសេចក្តីថ្លែងការណ៍ភ្លាម ដែលបានថ្កោលទោសសកម្មភាពអនុវត្តច្បាប់របស់ប្រទេសចិនសម្រាប់គាំពារសិទ្ធិនិងផលប្រយោជន៍ដ៏ត្រឹមត្រូវនិងស្របច្បាប់របស់ខ្លួន អាមេរិកបានប្រើ«សន្ធិសញ្ញាស្តីពីការរួមគ្នាការពាររវាងអាមេរិក និងហ្វីលីពីន»ដើម្បីផ្តល់ការគាំទ្រដល់សកម្មភាពល្មើសច្បាប់ និងបង្ករឿងហេតុរបស់ភាគីហ្វីលីពីន ។
តើអ្នកណាត្រូវអ្នកណាខុសក្នុងហេតុការណ៍នេះ ? តាមទិដ្ឋភាពវីដេអូឃ្លីបដែលប្រកាសដោយរដ្ឋបាលឆ្មាំសមុទ្រចិន បានបង្ហាញឱ្យឃើញថា កាលពីថ្ងៃទី ២២ ខែតុលានេះ នាវាហ្វីលីពីនមិនអើពើនឹងការព្រមានដ៏ម៉ឹងម៉ាត់របស់ចិន ហើយបានបរទៅកៀកនឹងនាវាចិន តាមរយៈវិធីអសុវត្ថិភាពដែលបណ្តាលឱ្យកើតមានការបុកគ្នា ។ ឆ្មាំសមុទ្រចិនបានអនុវត្តច្បាប់ជាចាំបាច់ដោយស្របតាមច្បាប់ដើម្បីឆ្លើយតបនឹងនាវាហ្វីលីពីន ប្រតិបត្តិការនៅនឹងកន្លែងមានលក្ខណៈឯកទេសនិងរក្សាការអត់ធ្មត់ ។
សូមបញ្ជាក់ថា សំដៅចំពោះអធិបតេយ្យភាព នៃថ្មប៉ប្រះទឹក Ren’ai សហគមន៍អន្តរជាតិបានមានគំនិតឯកភាពរួមជាយូរណាស់មកហើយ ពោលគឺ វាជាចំណែកមួយ នៃប្រជុំកោះ Nansha និងជាទឹកដីរបស់ចិនដែលស្របនឹងច្បាប់អន្តរជាតិ ក្នុងនោះបូករួមទាំង«ធម្មនុញ្ញអង្គការសហប្រជាជាតិ»ផងដែរ ។ ២៤ ឆ្នាំមុន នាវាចម្បាំងមួយគ្រឿងរបស់ភាគីហ្វីលីពីនបានចតចោលដោយខុសច្បាប់នៅថ្មប៉ប្រះទឹក Ren’ai ដែលបានរំលោភយ៉ាងធ្ងន់ធ្ងរដល់អធិបតេយ្យភាពទឹកដីរបស់ប្រទេសចិន ។ ដើម្បីដោះស្រាយបញ្ហានេះ ប្រទេសចិនបានធ្វើការប្រាស្រ័យទាក់ទងជាមួយហ្វីលីពីនស្តីពីថ្មប៉ប្រះទឹក Ren’ai ជាច្រើនលើកច្រើនសារ ចិនទាមទារឱ្យភាគីហ្វីលីពីនមិនត្រូវបញ្ជូនសម្ភារៈសំណង់ទៅកាន់នាវាចម្បាំងដែលចតចោលដោយខុសច្បាប់ ហើយប្រញាប់អូសនាវាចម្បាំងគ្រឿងនេះចេញឱ្យបានឆាប់ៗ ។ ក្នុងមួយរយៈពេលជាយូរណាស់មកហើយ ប្រទេសចិននិងហ្វីលីពីនបានគ្រប់គ្រងយ៉ាងល្អបង្គួរនូវស្ថានការណ៍នៅថ្មប៉ប្រះទឹក Ren’ai តាមរយៈការប្រាស្រ័យទាក់ទង ហើយបានឈានដល់ការយោគយល់គ្នាក្នុងបញ្ហានេះ ។
ប៉ុន្តែ ចាប់តាំងពីចូលឆ្នាំនេះមក ប្រទេសហ្វីលីពីនបានចាត់ប្រតិបត្តិការលើបញ្ហាសមុទ្រចិនខាងត្បូង ឥតឈប់ឈរ ហ្វីលីពីនបានចាត់បញ្ជូននាវាសម្រុកចូលទៅក្នុងលំហសមុទ្រក្បែរកោះ Huangyan និងថ្មប៉ប្រះទឹក Ren’ai ម្តងហើយម្តងទៀតដែលបានបង្ករឿងហេតុដោយចេតនា ។ លើសពីនេះទៅទៀត ភាគីហ្វីលីពីនក៏បានផ្សព្វផ្សាយព័ត៌មានក្លែងក្លាយដោយចេតនា ប៉ុនប៉ងបំភាន់មជ្ឈដ្ឋានខាងក្រៅឱ្យគេយល់ច្រលំថា ចិនបាននិងកំពុងធ្វើបាបប្រទេសតូចៗ ។
សំដៅចំពោះទង្វើខុសទំនងរបស់ហ្វីលីពីន បញ្ញវន្តសិក្សាអំពីបញ្ហាអាស៊ីអាគ្នេយ៍បានថ្លែងថា កត្តាដ៏ធំបំផុតនៅពីក្រោយនេះគឺសហរដ្ឋអាមេរិកហ្នឹងឯង ។ បច្ចុប្បន្ននេះ សហរដ្ឋអាមេរិកកំពុងពន្លឿនជំរុញអ្វីដែលហៅថា “យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក”សម្រាប់ឡោមព័ទ្ធនិងទប់ស្កាត់ការអភិវឌ្ឍរបស់ចិន ឯប្រទេសអាស៊ីអាគ្នេយ៍ត្រូវចាត់ទុកថាជាចំណែកដ៏សំខាន់មួយនៃយុទ្ធសាស្រ្តនេះ ។ ក្នុងមួយរយៈពេលកន្លងទៅ មន្ត្រីជាន់ខ្ពស់អាមេរិកបានបំពេញទស្សនកិច្ចនៅប្រទេសអាស៊ីអាគ្នេយ៍ជាញឹកញាប់ ក្នុងចេតនាសំខាន់គឺ ប៉ុនប៉ងចង់បង្ខំឱ្យប្រទេសពាក់ព័ន្ធជ្រើសរើសការឈរនៅម្ខាងជាមួយអាមេរិកឬក៏ចិនដែរ ហើយបានប្រើប្រាស់វិវាទសមុទ្រចិនខាងត្បូងដើម្បីអុជអាលបំបែកបំបាក់ទំនាក់ទំនងរវាងប្រទេសទាំងនេះនិងប្រទេសចិន ក៏ដូចជាបំផ្លាញសន្តិភាពនិងស្ថិរភាពក្នុងតំបន់ ។
នាពេលថ្មីៗកន្លងទៅនេះ សហរដ្ឋអាមេរិកបានញុះញង់និងគាំទ្រយ៉ាងកម្រោលដល់ទង្វើរបស់ហ្វីលីពីនក្នុងការជួសជុលនិងពង្រឹងនាវាចម្បាំងដែលចតចោលដោយខុសច្បាប់នៅថ្មប៉ប្រះទឹក Ren’ai រហូតដល់បានចាត់បញ្ជូនយន្តហោះយោធានិងនាវាចម្បាំងដើម្បីផ្តល់ការគាំទ្រក្នុងដែនសមុទ្រ ហើយក៏បានចាត់ទុកការអនុវត្ត«សន្ធិសញ្ញាស្តីពីការរួមគ្នាការពាររវាងអាមេរិកនិងហ្វីលីពីន»ធ្វើជាលេសជាច្រើនលើកច្រើនសារដើម្បីគំរាមកំហែងដល់ប្រទេសចិនទៀតផង ។
និយាយជារួម បញ្ហាថ្មប៉ប្រះទឹក Ren’ai ជាបញ្ហាទ្វេភាគីរវាងចិននិងហ្វីលីពីន ។ សហរដ្ឋអាមេរិកមិនមែនជាសមីភាគី នៃបញ្ហាសមុទ្រចិនខាងត្បូង នោះទេ គឺ គ្មានសិទ្ធិនិយាយឆ្ការដៃឆ្ការជើងលើបញ្ហានេះឡើយ ។ សូមដាស់តឿនប្រទេសហ្វីលីពីនឱ្យប្រញាប់បោះបង់ចោលការស្រមើស្រមៃ ដែលចង់ពឹងផ្អែកលើសហរដ្ឋអាមេរិកនិងរួមសហការជាមួយប្រទេសចិនដើម្បីគាំពារសន្តិភាពនិងស្ថិរភាពនៅសមុទ្រចិនខាងត្បូង ក៏ដូចជាគាំពារផលប្រយោជន៍រួមរបស់ប្រទេសក្នុងតំបន់ ។ ចិនមិនបង្ករឿងហើយក៏មិនខ្លាចគេរករឿងដែរ ចិននឹងគាំពារយ៉ាងមុតមាំនូវអធិបតេយ្យភាពទឹកដី សិទ្ធនិងផលប្រយោជន៍ដែនសមុទ្ររបស់ខ្លួន ៕ អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន