ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិក ​ត្រៀមកញ្ចប់ថ្មី១០០ពាន់លានដុល្លារ សម្រាប់អ៊ុយក្រែន និងអ៊ីស្រាអែល

ប្រភព ៖ AFP

បរទេស ៖ Politico ចេញផ្សាយនិងត្រូវបានយកមកបន្តរាយការណ៍ដោយ RT បានឲ្យដឹងថា សំណើផ្តល់មូលនិធិ សន្តិសុខជាតិចំនួន ១០៦ពាន់លានដុល្លារ របស់ប្រធានាធិបតីអាមេរិក Joe Biden ដែលរួមមានជំនួយសម្រាប់ អ៊ុយក្រែន និងអ៊ីស្រាអែល កំពុងស្ថិតក្នុងបញ្ហាធំ ដែលសមាជិកព្រឹទ្ធសភាកំពុងពិភាក្សា។

បណ្តាញផ្សព្វផ្សាយ បានកត់សម្គាល់ថាសមាជិកជាច្រើននៅក្នុងព្រឹទ្ធសភា រួមទាំងអ្នកគាំទ្រសាធារណៈរដ្ឋ នៃគំនិតផ្តួចផ្តើមរបស់លោក Biden គឺ មានភាពទុទិដ្ឋិនិយមថាកញ្ចប់នេះ នឹងអាចអនុម័តបានជោគជ័យ ។

កញ្ចប់ថវិកានេះត្រូវបានណែនាំដោយរដ្ឋបាល Biden កាលពីសប្តាហ៍មុន ដោយស្វែងរកការយល់ព្រមពីនីតិបញ្ញត្តិដើម្បីផ្តល់ប្រាក់បន្ថែមចំនួន៦១,៤ ពាន់លានដុល្លារសម្រាប់គាំទ្រ អ៊ុយក្រែនក្នុងជម្លោះជាមួយរុស្ស៊ី និង ១៤,៣ ពាន់លានដុល្លារ ជាជំនួយដល់អ៊ីស្រាអែលក្នុងសង្គ្រាមជាមួយក្រុមហាម៉ាស។

លោក Biden ក៏ចង់បាន៩,២ ពាន់លានដុល្លារសម្រាប់ជំនួយមនុស្សធម៌នៅអ៊ីស្រាអែល Gaza និងអ៊ុយក្រែន ព្រមទាំង ៧,៤ពាន់លានដុល្លារដើម្បីទប់ទល់នឹងឥទ្ធិពលរបស់ចិនខណៈដែលរដ្ឋបាល​រួម​បញ្ចូល​ថវិកា​ចំនួន ១៣,៦ ពាន់​លាន​ដុល្លារ​បន្ថែម​ទៀត​សម្រាប់​សន្តិសុខ​ព្រំដែន។

គួរឲ្យដឹងដែរថាមកទល់នឹងពេលនេះ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បានអនុម័តជំនួយយ៉ាងហោចណាស់ ១១៣ ពាន់លានដុល្លារដល់អ៊ុយក្រែន ចាប់តាំងតែពីជម្លោះជាមួយនឹងរុស្សីបានផ្ទុះឡើង ៕

ប្រែសម្រួល៖ស៊ុនលី

To Top