ព័ត៌មានអន្តរជាតិ

កាសែតអាមេរិក៖ អ៊ីរ៉ង់ បានហ្វឹកហ្វឺន ដល់ក្រុមយុទ្ធជនហាម៉ាស មុនពេលវាយប្រហារទៅលើអ៊ីស្រាអែល

រូបភាពពី៖​ AFP

បរទេស៖ កាសែត Wall Street Journal របស់អាមេរិកបានអះអាងកាលពីថ្ងៃពុធថា ក្រុមយុទ្ធជនហាម៉ាស និងក្រុមជីហាតអ៊ីស្លាមប៉ាឡេស្ទីន ប្រមាណ ៥០០ នាក់ បានចូលរួមក្នុងការហ្វឹកហ្វឺនដែលរៀបចំដោយកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) មួយខែមុនពេលការវាយប្រហារថ្ងៃទី៧ ខែតុលាលើអ៊ីស្រាអែល។ យ៉ាងណាក៏ដោយអ៊ីរ៉ង់បានបដិសេធយ៉ាងដាច់អហង្ការនូវតួនាទីណាមួយក្នុងការវាយប្រហារនេះ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា កាសែត Wall Street Journal មិនបានបញ្ជាក់ថាតើប្រភពរបស់ខ្លួនពីអាមេរិក អ៊ីស្រាអែល ឬផ្សេងទៀតនោះទេ ដោយគ្រាន់តែថា យោងតាម “អ្នកដែលដឹងពីការស៊ើបការណ៍សម្ងាត់ទាក់ទងនឹងការវាយប្រហារ គឺ”ការហ្វឹកហ្វឺនប្រយុទ្ធពិសេស” បានកើតឡើងនៅក្នុងប្រទេសអ៊ីរ៉ង់ ហើយត្រូវបានដឹកនាំដោយមន្រ្តីនៃកងកម្លាំង Quds របស់កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ ។

យោងតាមប្រភពដដែល ការហ្វឹកហ្វឺននេះមានការចូលរួមពីឧត្តមសេនីយ៍ត្រី Esmail Qaani ប្រធានកងកម្លាំង Quds និង “មន្ត្រីជាន់ខ្ពស់ប៉ាឡេស្ទីន”។

មន្ត្រីអាមេរិកអនាមិកបានប្រាប់ WSJ ថា អ៊ីរ៉ង់ បានបណ្តុះបណ្តាលពួកសកម្មប្រយុទ្ធជាទៀងទាត់ ប៉ុន្តែមិនមាន “ការចង្អុលបង្ហាញអំពីការហ្វឹកហ្វឺនទ្រង់ទ្រាយធំ” មុនពេលការលុកលុយថ្ងៃទី ៧ ខែតុលា និង “មិនមានព័ត៌មាន” ដែលថាការហ្វឹកហ្វឺនគឺពិសេសដើម្បីត្រៀមខ្លួនសម្រាប់វាយប្រហារនោះទេ៕ ប្រែសម្រួលៈ ណៃ តុលា

To Top