ព័ត៌មានអន្តរជាតិ

លោក លី ឈាំង៖ កិច្ចសហប្រតិបត្តិការ ចិន-រុស្ស៊ី មិនផ្តោតលើភាគីទី៣ ណាមួយឡើយ

Xinhua

ប៉េកាំង៖ នាយករដ្ឋមន្ត្រីចិន លោក លី ឈាំង បានឲ្យដឹងថា កិច្ចសហប្រតិបត្តិការចិន-រុស្ស៊ី មិនត្រូវបានផ្តោតលើភាគីទី៣ ណាមួយឡើយ ហើយក៏នឹងមិនមានការរំខានពីភាគីទី៣ ណាមួយដែរ ​។

លោក លី បានលើកឡើងថា ភាគីទាំងពីរអនុវត្តកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងគោលបំណងផ្តល់ផលប្រយោជន៍ដល់ប្រជាជនរបស់ពួកគេ ជំរុញការអភិវឌ្ឍន៍សកលលោក និងលើកតម្កើងភាពយុត្តិធម៌ និងរដ្ឋសមាជិក​អង្គការសហប្រតិបត្តិការសៀងហៃ (SCO) ។

លោក បន្ដថា កិច្ចប្រជុំនាពេលថ្មីៗនេះ រវាងប្រធានាធិបតី ស៊ី ជីនពីង និងសមភាគីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន នៅទីក្រុងប៉េកាំង បានគូសផែនទីប្លង់មេថ្មី និងបើកចក្ខុវិស័យថ្មី សម្រាប់ការឈានទៅមុខនៃទំនាក់ទំនងចិន-រុស្ស៊ី។

លោកបានបន្ថែមថា ប្រទេសចិន មានឆន្ទៈក្នុងការធ្វើការជាមួយប្រទេសរុស្ស៊ី ដើម្បីអនុវត្តតាមការឯកភាពដ៏សំខាន់ ដែលប្រមុខរដ្ឋទាំងពីរសម្រេចបាន បន្តធ្វើឱ្យស៊ីជម្រៅកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ និងជំរុញភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៃការសម្របសម្រួលចិន-រុស្ស៊ី សម្រាប់យុគសម័យថ្មីមួយ។

លោកបន្ថែមទៀតថា ប្រទេសចិនមានឆន្ទៈក្នុងការតម្រឹមយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់ខ្លួនបន្ថែមទៀតជាមួយរុស្ស៊ី ជំរុញការស៊ីសង្វាក់គ្នារវាងកិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវ និងសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី (EEU) រក្សាសន្ទុះកំណើននៃកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងការវិនិយោគ ធ្វើឱ្យកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅក្នុងវិស័យ​ថាមពល និងលើកកម្ពស់ការតភ្ជាប់ និងសេរីភាវូបនីយកម្មពាណិជ្ជកម្ម និងការសម្របសម្រួល។

លោកនាយករដ្ឋមន្ត្រីបានបន្ដថា ប្រទេសចិន ស្វាគមន៍ផលិតផលរុស្ស៊ី ដែលមានគុណភាពខ្ពស់បន្ថែមទៀតចូលទៅក្នុងទីផ្សារចិន និងគាំទ្រសហគ្រាសមកពីប្រទេសចិន និងរុស្ស៊ី ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើការផលិតរថយន្ត។

លោកបានបន្ថែមថា ភាគីទាំងពីរគួរតែរួមគ្នាធ្វើឱ្យវប្បធម៌ចិន-រុស្ស៊ីទទួលបានជោគជ័យ និងពង្រីកការផ្លាស់ប្តូរក្នុងវិស័យអប់រំ តំបន់ និងវិស័យផ្សេងៗទៀត នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោកបន្ដថា ប្រទេសចិនមានឆន្ទៈក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរុស្ស៊ី ក្នុងក្របខ័ណ្ឌ SCO ជំរុញកិច្ចសហប្រតិបត្តិការស៊ីជម្រៅក្នុងវិស័យឧស្សាហកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់ ពង្រីកកិច្ចសហប្រតិបត្តិការក្នុងការផលិតឧស្សាហកម្ម ការអភិវឌ្ឍន៍បៃតង និងសេដ្ឋកិច្ចឌីជីថល និងផ្តល់កម្លាំងជំរុញថ្មី សម្រាប់កំណើនសេដ្ឋកិច្ចក្នុងតំបន់៕

​ប្រែសម្រួល ឈូក បូរ៉ា

To Top