ព័ត៌មានអន្តរជាតិ

រដ្ឋមន្រ្តីការពារជាតិវៀតណាម ទទួលបានទំនុកចិត្តខ្ពស់ពីរដ្ឋសភា ក្នុងចំណោមមន្រ្តីទាំង៤៤រូប

VnExpress

បរទេស៖ លទ្ធផលនៃការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តសម្រាប់មន្ត្រីចំនួន ៤៤ រូប ដែលរដ្ឋសភាវៀតណាមបោះឆ្នោតជ្រើសតាំងក្នុងទីក្រុងហាណូយនៅព្រឹកថ្ងៃពុធ និងត្រូវបានប្រកាសនៅពេលរសៀល។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Phan Van Giang ទទួលបានសំឡេងគាំទ្រផ្តល់ “ទំនុកចិត្តខ្ពស់” ច្រើនជាងគេ គឺ ៤៤៨ សំឡេង បន្ទាប់មកប្រធានរដ្ឋសភា លោក Vuong Dinh Hue ទទួលបាន ៤៣៧ សំឡេង។

អ្នកដែលមានចំនួនសំឡេង “ទំនុកចិត្តទាប” ជាងគេគឺរដ្ឋមន្ត្រីក្រសួងអប់រំនិងបណ្ដុះបណ្ដាលលោក Nguyen Kim Son ដោយទទួលបាន ៧២ សំឡេង។

នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ទទួលបាន ៣៧៣ សំឡេងនៃ “ទំនុកចិត្តខ្ពស់”, ៩០ សំឡេងនៃ “ទំនុកចិត្ត” និង ១៧ សំឡេងនៃ “ទំនុកចិត្តទាប” សរុបដល់ ៤៨០ សំឡេង។

រដ្ឋសភារបស់ប្រទេសវៀតណាម កាលពីថ្ងៃអង្គារបានអនុម័តបញ្ជីឈ្មោះមនុស្សចំនួន ៤៤នាក់ ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តក្នុងសម័យប្រជុំលើកទី ៦ ដែលកំពុងបន្ត រួមមានប្រធានាធិបតី, អនុប្រធានាធិបតី, ប្រធាន និងអនុប្រធានរដ្ឋសភា សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា អគ្គលេខាធិការរដ្ឋសភា។ ប្រធានក្រុមប្រឹក្សាកិច្ចការជាតិនៃរដ្ឋសភា ប្រធានគណៈកម្មាធិការជាតិ នាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី សមាជិកដទៃទៀតនៃរដ្ឋាភិបាល ប្រធានយុត្តិធម៌នៃតុលាការប្រជាជនកំពូល អគ្គរដ្ឋអាជ្ញានៃអយ្យការប្រជាជនកំពូល និងអគ្គសវនករនៃការិយាល័យសវនកម្មរដ្ឋ៕

ប្រែសម្រួលៈ ណៃ តុលា

To Top