ប៉េកាង៖ ឯកអគ្គរដ្ឋទូតចិនប្រចាំនៅសហរដ្ឋអាមេរិកលោក Xie Feng បានឲ្យដឹងថា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការកសិកម្មជាមួយប្រទេសចិន សហរដ្ឋអាមេរិក គួរតែបញ្ឈប់ការធ្វើនយោបាយលើបញ្ហាសេដ្ឋកិច្ច ឬការពង្រីកគំនិតសន្តិសុខ ដើម្បីឆ្លើយតបទៅនឹងបទបញ្ជាថ្មីរបស់រដ្ឋ Arkansas ដែលតម្រូវឱ្យក្រុមហ៊ុនចិន Syngenta លក់ដីស្រែក្នុងរដ្ឋនេះ។
វេទិកាពាណិជ្ជកម្មកសិកម្មប្រកបដោយនិរន្តរភាព និងពិធីចុះហត្ថលេខាលើកិច្ចសន្យា រវាងចិន និងអាមេរិក ដែលបានធ្វើឡើងនៅទីក្រុង Des Moines រដ្ឋធានីនៃរដ្ឋ Iowa ឯកអគ្គរដ្ឋទូតចិនបានចង្អុលបង្ហាញថា ថ្មីៗនេះ ក្រុមហ៊ុនកសិកម្មអន្តរជាតិកំពូលមួយត្រូវបានរដ្ឋអាមេរិក បញ្ជាឱ្យលក់ដីស្រែ ដែលខ្លួនកាន់កាប់អស់រយៈពេល ៣៥ ឆ្នាំមកហើយ។
ក្រុមហ៊ុននេះបានជួលជនជាតិអាមេរិកចំនួន ៤០០០នាក់ ហើយបាននិងកំពុងបម្រើកសិករអាមេរិក ជាមួយនឹងបច្ចេកវិទ្យាកសិកម្មទំនើបនៅទូទាំងជាង ៤០ រដ្ឋ។ ជារៀងរាល់ឆ្នាំ វាផ្តល់ប្រាក់បៀវត្សរ៍ប្រហែល ៥១០ លានដុល្លារអាមេរិក និងទិញទំនិញ និងសេវាកម្មមានតម្លៃ ២ ពាន់លានដុល្លារ។
ក្នុងរយៈពេល ៥៣ ឆ្នាំកន្លងមកនៃប្រតិបត្តិការរបស់ខ្លួននៅក្នុងសហរដ្ឋអាមេរិក វាមិនដែលមានហានិភ័យសន្តិសុខជាតិណាមួយឡើយ។ លោក Xie បានលើកឡើងថា ប៉ុន្តែឥឡូវនេះ វាជាកម្មវត្ថុនៃការគាបសង្កត់ដោយមិនសមហេតុផលដោយសារតែវាត្រូវបានទិញដោយក្រុមហ៊ុនចិន កាលពី ៦ឆ្នាំមុន។
លោកបន្ដថា “គ្រាន់តែស្រមៃមើលថា ប្រសិនបើការរើសអើង និងប្រព្រឹត្តិដោយអយុត្តិធម៌បែបនេះកើតឡើង ចំពោះក្រុមហ៊ុនអាមេរិក ដែលវិនិយោគនៅកន្លែងផ្សេង ដែលហានិភ័យត្រូវបានបណ្តេញចេញគ្រប់ពេល ដោយមិនគោរពកិច្ចសន្យា តើរដ្ឋាភិបាល និងប្រជាជនអាមេរិក នឹងមានអារម្មណ៍យ៉ាងណាដែរ? ឯណាទៅច្បាប់ទីផ្សារ និងការលេងដោយយុត្តិធម៌?” ។
ឯកអគ្គរដ្ឋទូតចិនរូបនេះបានកត់សម្គាល់ថា ប្រទេសចិន និងសហរដ្ឋអាមេរិក កំពុងប្រឈមមុខនឹងការលំបាក និងបញ្ហាប្រឈមយ៉ាងធ្ងន់ធ្ងរក្នុងទំនាក់ទំនងទ្វេភាគី។ “ដើម្បីធ្វើឱ្យកិច្ចសហប្រតិបត្តិការកសិកម្មកាន់តែស៊ីជម្រៅ យើងត្រូវនិយាយថាទេ ចំពោះការប៉ុនប៉ងធ្វើនយោបាយលើបញ្ហាសេដ្ឋកិច្ច ឬធ្វើឱ្យលើសពីគំនិតនៃសន្តិសុខ”៕
ប្រែសម្រួល ឈូក បូរ៉ា