ព័ត៌មានអន្តរជាតិ

អ្នកវិភាគ ៖ ការដកតំណែង រដ្ឋមន្ត្រីការពារជាតិ គឺជាសញ្ញា នៃភាពចលាចលកាន់តែខ្លាំងឡើង នៅក្នុងប្រព័ន្ធនយោបាយ របស់ប្រទេសចិន ក្រោមការដឹកនាំរបស់លោក ស៊ី

ប្រភព ៖ AFP

បរទេស ៖ អ្នកវិភាគមួយចំនួនបាននិយាយថា ការដកតំណែងរដ្ឋមន្ត្រីការពារជាតិចិន លោក Li Shangfu គឺជាសញ្ញា នៃភាពចលាចលកាន់តែខ្លាំងឡើង នៅក្នុងប្រព័ន្ធនយោបាយ របស់ប្រទេសចិន ក្រោមការដឹកនាំរបស់លោក ស៊ី ជិនពីង ។ ពួកគេក៏និយាយដែរថា ការដកតំណែងរបស់លោក Li Shangfu កាលពីថ្ងៃអង្គារ និងមន្ត្រីថ្នាក់កំពូលម្នាក់ទៀតក្នុងប៉ុន្មានខែថ្មីៗនេះ ខណៈដែលលោក ស៊ី ជិនពីង ចាប់ផ្តើមអាណត្តិទី៣ ដែលមិនប្រក្រតីក្នុងតំណែង ប្រហែលជាគ្រាន់តែជាការចាប់ផ្តើម នៃនិន្នាការដែលកំពុងបន្ត ។

យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Alfred Wu អ្នកជំនាញខាងនយោបាយចិន នៅសាកលវិទ្យាល័យជាតិសិង្ហបុរី បាននិយាយថា “បក្សកុម្មុយនិស្តចិន ធ្លាប់មានការត្រួតពិនិត្យ និងតុល្យភាពមួយចំនួន នៅក្នុងប្រព័ន្ធរបស់ពួកគេ ប៉ុន្តែចាប់តាំងពីលោក ស៊ី ជិនពីង បានចាប់ផ្តើមអាណត្តិទី ៣មក គឺគ្មាននរណាម្នាក់ អាចលេងមុខងារនោះបានទេ ហើយអ្វីៗទាំងអស់ គឺអាស្រ័យលើឆន្ទៈ របស់លោក ស៊ី ជិនពីង ផ្ទាល់” ។

លោក Alfred Wu បានបន្ថែមថា កង្វះការត្រួតពិនិត្យ និងសមតុល្យ នៅក្នុងប្រព័ន្ធនយោបាយចិន អាចនាំឱ្យមាននិន្នាការ នៃការដកតំណែងមន្ត្រីជាន់ខ្ពស់ភ្លាមៗ ។ លោកបានប្រាប់ VOA តាមទូរស័ព្ទថា «នេះអាចជាគំរូដែលនឹងបន្តពេញមួយអាណត្តិទីបីរបស់លោក ស៊ី ជិនពីង ហើយវាអាចនឹងកាន់តែអាក្រក់ទៅៗ» ។

លោក Li Shangfu បានបាត់ខ្លួនពីក្រសែភ្នែកសាធារណៈនៅថ្ងៃទី ២៩ ខែសីហា បន្ទាប់ពីបានថ្លែងសុន្ទរកថានៅសន្និសីទសន្តិភាព និងសន្តិសុខចិន-អាហ្វ្រិកក្នុងទីក្រុងប៉េកាំង។ របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ មួយចំនួនបានបង្ហាញថា លោកអាចស្ថិតនៅក្រោម ការស៊ើបអង្កេតពីបទពុករលួយទាក់ទង នឹងលទ្ធកម្ម និងការអភិវឌ្ឍន៍ឧបករណ៍ ។

ការដកតំណែងនេះ គឺបន្ទាប់ពីការដក លោក Qin Gang ចេញពីតំណែងជារដ្ឋមន្ត្រីការបរទេស របស់ប្រទេសចិនកាលពីខែកក្កដា។ លោកក៏បានបាត់ខ្លួនភ្លាមៗ ពីទិដ្ឋភាពសាធារណៈមុនពេលគាត់ត្រូវបានបណ្តេញចេញ។ កាលពីថ្ងៃអង្គារ គណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភានយោបាយរបស់ប្រទេសចិនបានដកលោក Qin ចេញពីតំណែងរដ្ឋាភិបាល ដែលនៅសេសសល់តែមួយគត់ របស់លោកជាទីប្រឹក្សារដ្ឋ។ ក្នុងករណីទាំងនោះ រដ្ឋាភិបាលចិនមិនបានផ្តល់ការពន្យល់ជាផ្លូវការ សម្រាប់សកម្មភាពរបស់ខ្លួននោះទេ ៕
ប្រែសម្រួលៈ ណៃ តុលា

To Top