ព័ត៌មានអន្តរជាតិ

រុស្ស៊ី បាញ់ទម្លាក់មីស៊ីលផ្លោង ATACMS ចំនួនពីរគ្រាប់

រូបភាពពី៖​ AFP

បរទេស៖ ក្រសួងការពារជាតិរុស្ស៊ី បានរាយការណ៍កាលពីថ្ងៃពុធក្នុងសន្និសីទសារព័ត៌មានមួយថា កងកម្លាំងរុស្ស៊ីបានស្ទាក់ចាប់មីស៊ីលផ្លោងយុទ្ធសាស្ត្រ ATACMS ចំនួនពីរគ្រាប់។ ទីក្រុងគៀវ កាលពីសប្តាហ៍មុនបានប្រកាសថា ក្រុងវ៉ាស៊ីនតោនបានប្រគល់សព្វាវុធបន្ទាប់ពីសំណើរបស់អ៊ុយក្រែនជាច្រើនខែ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា មីស៊ីល ATACMS ចំនួនពីរត្រូវបានរាយបញ្ជីក្នុងចំណោមគ្រាប់មីស៊ីលដែលបាញ់ដោយកងកម្លាំងអ៊ុយក្រែន ដែលកងទ័ពរុស្ស៊ីគ្រប់គ្រងបានក្នុងរយៈពេល ២៤ ម៉ោងកន្លងមក។ គ្រាប់ផ្សេងទៀតរួមមានគ្រាប់រ៉ុក្កែត S-200 ដែលត្រូវបានកែប្រែដើម្បីវាយប្រហារគោលដៅលើដី មីស៊ីលប្រឆាំងវិទ្យុសកម្ម HARM ចំនួនពីរ និងគ្រាប់រ៉ុក្កែតពីរដែលបាញ់ដោយប្រព័ន្ធបាញ់បង្ហោះច្រើនប្រភេទ HIMARS ។

ប្រព័ន្ធមីស៊ីល MGM-140 Army Tactical Missile System ដែលជាឈ្មោះពេញរបស់អាវុធគឺត្រូវគ្នាជាមួយ HIMARS និង M270 MLRS launchers ដែលបណ្តាប្រទេសលោកខាងលិចបានផ្តល់អោយទីក្រុងគៀវ កាលពីឆ្នាំមុន ដើម្បីបាញ់កាំជ្រួចរយៈចម្ងាយខ្លី។ មីស៊ីលផ្លោងមានរយៈចម្ងាយដល់ទៅ ៣០០ គីឡូម៉ែត្រ ប៉ុន្តែមីស៊ីលដែលទីក្រុងគៀវមានត្រូវបានគេជឿថា ជាប្រភេទចាស់ដែលបាញ់បានរយៈចម្ងាយ ១៦៥ គីឡូម៉ែត្រ។

យោធាអ៊ុយក្រែនអះអាងថាបានដាក់សមត្ថភាពថ្មីរបស់ខ្លួនឱ្យបានល្អដោយវាយប្រហារលើអាកាសយានដ្ឋានរុស្ស៊ី។ ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ាឌីមៀ ហ្សេលេនស្គី បានអះអាងថា អាវុធ “បានធ្វើឱ្យអ៊ុយក្រែនប្រសើរឡើង”៕ ប្រែសម្រួលៈ ណៃ តុលា

To Top