ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល ត្រៀមថវិកាជិត ១០០លានដុល្លារ ដើម្បី​ចាប់ផ្តើមអាជីវកម្មបច្ចេកវិទ្យាខ្ពស់ ចំពេលមានជម្លោះជាមួយក្រុមហាម៉ាស

រូបភាពពី៖​ AFP

យេរ៉ូសាឡឹម៖ ក្រសួងហិរញ្ញវត្ថុរបស់រដ្ឋបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ​ថា ប្រទេសអ៊ីស្រាអែល បានត្រៀមទឹកប្រាក់ ៩៨,៣៨លានដុល្លារអាមេរិក​ ដើម្បីផ្តល់អំណាចដល់ការចាប់ផ្តើមអាជីវកម្មបច្ចេកវិទ្យាខ្ពស់ក្នុងអំឡុងពេលជម្លោះ ដែលកំពុងបន្តជាមួយក្រុមហាម៉ាស។

កាលពីសប្តាហ៍មុន អាជ្ញាធរច្នៃប្រឌិតអ៊ីស្រាអែល (IIA) បានបែងចែកប្រាក់ចំនួន ១០០លានដុល្លា ដើម្បីគាំទ្រដល់ក្រុមហ៊ុនបច្ចេកវិទ្យាខ្ពស់ ដែលទើបនឹងបង្កើតថ្មី ហើយឥឡូវនេះ រដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់អ៊ីស្រាអែល Bezalel Smotrich បានសម្រេចចិត្តបង្កើនចំនួនរហូតដល់ ៤ដង។

ការផ្លាស់ប្តូរនេះមានគោលបំណងពង្រឹងវិស័យបច្ចេកវិទ្យាខ្ពស់របស់អ៊ីស្រាអែល ក្នុងអំឡុងពេលនៃភាពមិនប្រាកដប្រជា ដោយផ្តល់ការគាំទ្រយ៉ាងសំខាន់ដល់ក្រុមហ៊ុនចាប់ផ្តើមអាជីវកម្មដែលកំពុងប្រឈមនឹងការលំបាកក្នុងការបង្កើនដើមទុនពីវិនិយោគិន ដែលមានស្រាប់របស់ពួកគេក្នុងអំឡុងពេលជម្លោះបច្ចុប្បន្ន។

ប្រភពបានកត់សម្គាល់ថា នេះជាលើកដំបូងនៅក្នុងស៊េរីនៃការផ្តល់រយៈពេលខ្លី និងរយៈពេលវែងបន្ថែមទៀត ដែលក្រសួងកំពុងធ្វើការជាមួយ IIA ខណៈពេលដែលរក្សាបាននូវកិច្ចសហការ និងការសម្របសម្រួលជាបន្តបន្ទាប់ជាមួយឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់។

កាលពីសប្តាហ៍មុន IIA បានអនុម័តវិធានការសង្គ្រោះ និងគាំទ្រជាបន្តបន្ទាប់ សម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាខ្ពស់ ដើម្បីជួយពួកគេដោះស្រាយការលំបាក ដែលបានកើតឡើងចាប់តាំងពីការផ្ទុះឡើងនៃជម្លោះជាមួយក្រុមហាម៉ាស៕ ប្រែសម្រួល ឈូក បូរ៉ា

To Top