បរទេស៖ វិមានក្រឹមឡាំងបាននិយាយកាលពីថ្ងៃពុធថា ប្រទេសរុស្ស៊ីបានធ្វើសមយុទ្ធនៃកងកម្លាំងទប់ស្កាត់ជាយុទ្ធសាស្ត្ររបស់ខ្លួន ហើយសមយុទ្ធនេះត្រូវបានដឹកនាំដោយប្រធានាធិបតីលោក វ្ល៉ាឌីមៀ ពូទីន។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា វិមានក្រឹមឡាំងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្នុងអំឡុងពេលហ្វឹកហាត់ ការបាញ់បង្ហោះជាក់ស្តែងនៃមីស៊ីលផ្លោង និងមីស៊ីលនាំផ្លូវបានកើតឡើង។ “ក្រោមការដឹកនាំរបស់អគ្គមេបញ្ជាការកំពូលនៃកងកម្លាំងប្រដាប់អាវុធនៃសហព័ន្ធរុស្ស៊ីគឺ លោក វ្ល៉ាឌីមៀ ពូទីន ការហ្វឹកហ្វឺនត្រូវបានធ្វើឡើងជាមួយកងកម្លាំង និងមធ្យោបាយនៃផ្នែកដី សមុទ្រ និងអាកាសនៃកងកម្លាំងរារាំងនុយក្លេអ៊ែរ។
វិមានក្រឹមឡាំងបានបន្ថែមថា ក្នុងអំឡុងពេលធ្វើសមយុទ្ធ, មីស៊ីលផ្លោងឆ្លងទ្វីប Yars មួយគ្រាប់ត្រូវបានបាញ់ចេញពី Plesetsk cosmodrome ។
សេចក្តីថ្លែងការណ៍បានអានថា “មីស៊ីលផ្លោង Sineva ត្រូវបានបាញ់ចេញពីសមុទ្រ Barents ពីនាវាមុជទឹកនុយក្លេអ៊ែរ Tula ដែលជានាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ។ យន្តហោះអាកាសចរណ៍រយៈចម្ងាយឆ្ងាយ Tu-95MS ដែលបាញ់បង្ហោះមីស៊ីលតាមអាកាស ក៏ចូលរួមក្នុងសមយុទ្ធដែរ”។
ក្នុងអំឡុងពេលសមយុទ្ធនេះ លោកពូទីនបានស្តាប់របាយការណ៍របស់រដ្ឋមន្ត្រីការពារជាតិលោក Sergei Shoigu និងប្រធានអគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធរុស្ស៊ី Valery Gerasimov ។
លោក Shoigu ក៏បាននិយាយផងដែរថា កងកម្លាំងអាកាសរុស្ស៊ីនឹងធ្វើសមយុទ្ធនៃការវាយប្រហារនុយក្លេអ៊ែរ ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារនុយក្លេអ៊ែររបស់សត្រូវ៕ ប្រែសម្រួលៈ ណៃ តុលា