ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់៖ ក្រុមហាម៉ាស់ នឹងដោះលែងចំណាត់ខ្មាំងមួយចំនួន ដោយមិនចាំបាច់មានការដោះដូរឡើយ

AFP

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amir-Abdollahian បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាស មានឆន្ទៈក្នុងការដោះលែងអ្នកមិនមែនជាអ្នកប្រយុទ្ធ ដែលខ្លួនបានចាប់ឃុំខ្លួនតាំងពីថ្ងៃទី ៧ ខែតុលាមួយចំនួនត្រឡប់មកវិញ។

លោក Amir-Abdollahian បានប្រាប់មហាសន្និបាតអង្គការសហប្រជាជាតិថា៖ យោងតាមការចរចារបស់យើង ក្រុមហាម៉ាស់បានត្រៀមខ្លួនរួចជាស្រេច ក្នុងការដោះលែងអ្នកទោសស៊ីវិល។ ម៉្យាងវិញទៀត ពិភពលោកគួរតែគាំទ្រការដោះលែង ជនជាតិប៉ាឡេស្ទីនទាំង ៦០០០នាក់ ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារ នៅអ៊ីស្រាអែលមកវិញដែរ។

សារព័ត៌មាន Al-Mayadeen ដែលមានមូលដ្ឋាននៅលីបង់បានរាយការណ៍ថា ក្រុមហាម៉ាសនឹងមានបំណងធ្វើការ ជាមួយប្រទេសតួគី និងកាតា ដើម្បីជួយសម្រួលដល់ការផ្ទេរចំណាប់ខ្មាំង ទៅក្នុងមន្ទីរឃុំឃាំងរបស់អ៊ីរ៉ង់។ វា​មិន​ច្បាស់​ថា​តើ​ការ​ដោះលែង​នេះ​ នឹង​ធ្វើ​ជា​ឯកតោភាគី ឬ​ជា​ថ្នូរ​នឹង​ប្រជាជន​ប៉ាឡេស្ទីន​ ដែល​ជាប់ទោស​នោះ​ទេ។

សេចក្តីប្រកាសរបស់លោក Amir-Abdollahian ធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីអនុរដ្ឋមន្ត្រីរបស់គាត់ គឺលោក Ali Bagheri បានជួបពិភាក្សាជាមួយសមភាគីរុស្ស៊ីនៅទីក្រុងមូស្គូ ដែលផ្តោតលើ តម្រូវការសម្រាប់បទឈប់បាញ់ក្នុង និងជុំវិញតំបន់ហ្គាហ្សា និងការផ្តល់ជំនួយមនុស្សធម៌ភ្លាមៗ ដល់ប្រជាជនប៉ាឡេស្ទីនដែលរងផលប៉ះពាល់ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top