ព័ត៌មានអន្តរជាតិ

វិបត្តិមនុស្សធម៌ នៅហ្គាហ្សា ក្នុងកម្រិតអាក្រក់បំផុត ដែលមិនធ្លាប់មានពីមុនមក

រូបភាពពី៖​ XINHUA

ហ្គាហ្សា៖ ការិយាល័យអង្គការសហប្រជាជាតិ សម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) បានឲ្យដឹងថា វិបត្តិមនុស្សធម៌នៅហ្គាហ្សា បានឈានដល់ចំណុចអាក្រក់បំផុត ដែលមិនធ្លាប់មានពីមុនមក។

ទីភ្នាក់ងារអង្គការសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន ឬ UNRWA ដែលជាអ្នកផ្តល់ជំនួយមនុស្សធម៌ដ៏ធំបំផុតនៅក្នុងតំបន់ហ្គាហ្សា បានព្រមានថា ទីភ្នាក់ងារនេះនឹងត្រូវបង្ខំឱ្យបញ្ឈប់ប្រតិបត្តិការទាំងអស់នៅយប់ថ្ងៃពុធ លើកលែងតែប្រេងឥន្ធនៈត្រូវបានអនុញ្ញាតឱ្យចូលទៅក្នុងហ្គាហ្សាភ្លាមៗ។

មន្ទីរពេទ្យ​នានា​កំពុង​បិទទ្វារ ដោយសារ​ពួកគេ​ខ្វះខាត​ប្រេងឥន្ធនៈ ទឹក ការផ្គត់ផ្គង់​ពេទ្យ និង​បុគ្គលិក​។ ឥន្ធនៈ​កំពុង​ត្រូវ​បាន​កំណត់​យ៉ាង​ធ្ងន់ធ្ងរ ​សម្រាប់​ចំនួន​គ្រឿង​បរិក្ខារ​សំខាន់ៗ ​ដែល​ជ្រើសរើស។ OCHA បានឲ្យដឹងថា ម៉ាស៊ីនភ្លើងបម្រុងទុកមិនត្រូវបានរចនាឡើង សម្រាប់ប្រតិបត្តិការបន្តនោះទេ។

បុគ្គលិក​អង្គការ​សហប្រជាជាតិ ​បាន​ទៅ​ពិនិត្យ​មន្ទីរពេទ្យ​កាល​ពី​ថ្ងៃ​អង្គារ។ នៅក្នុងមន្ទីរពេទ្យមួយ ពួកគេបានកត់សម្គាល់ឃើញអ្នករបួសរាប់រយនាក់ទាំងបុរស ស្ត្រី និងកុមារ។ ពួកគេជាច្រើននាក់បានសន្លប់ដោយមានរបួសមុខរបួស ដេកលើគ្រែពូកខ្លះ និងនៅលើឥដ្ឋខ្លះ ដោយមានការចូលរួមពីគ្រូពេទ្យមានកម្រិត។ នៅ​ក្នុង​ទីធ្លា​នោះ​មាន​តង់​មួយ ​ដែល​មាន​សាកសព​រាប់​សិប​នាក់ រួម​ទាំង​កុមារ​ផងដែរ។ អ្នកស្លាប់ជាច្រើនត្រូវបានរក្សាទុកនៅទីនោះ ដោយសារតែកន្លែងបញ្ចុះសពមានពេញទៅដោយសពទៅហើយ។

ស្តុកអាហារក៏កំពុងអស់ហើយដេរ។ កម្មវិធីស្បៀងអាហារពិភពលោក បានប៉ាន់ប្រមាណថា ការផ្គត់ផ្គង់អាហារសំខាន់ៗនាពេលបច្ចុប្បន្ននៅក្នុងតំបន់ហ្គាហ្សា គឺគ្រប់គ្រាន់ សម្រាប់រយៈពេលប្រហែល ១២ថ្ងៃ។ OCHA បានឲ្យដឹងថា ទោះជាយ៉ាងណាក៏ដោយ នៅតាមហាងនានា ស្តុក ដែលអាចរកបានត្រូវបានគេរំពឹងថា នឹងមានរយៈពេលត្រឹមតែ ៥ ថ្ងៃប៉ុណ្ណោះ។

មនុស្ស​កំពុង​ងាក​មកបរិភោគ​ទឹក​អណ្តូង ​ដែល​មាន​ជាតិ​ប្រៃ​ខ្លាំង ហើយ​បង្ក​ហានិភ័យ​ដល់​សុខភាព​ភ្លាមៗ។ ដៃគូសុខភាពក៏បានរកឃើញករណីជំងឺអុតស្វាយ កមរមាស់ និងរាគ ដោយសារលក្ខខណ្ឌអនាម័យមិនល្អ និងការទទួលទានទឹកពីប្រភពមិនមានសុវត្ថិភាព។

ចំនួនជនភៀសខ្លួនខាងក្នុងឥឡូវនេះត្រូវបានប៉ាន់ប្រមាណថា មានជាង ១,៤លាននាក់ រួមទាំងមនុស្សជិត ៥៩ម៉ឺន នាក់ដែលកំពុងស្នាក់នៅក្នុងជម្រក ដែលកំណត់ដោយ UNRWA ។ ប្រភពបានបញ្ជាក់ទៀតថា ច្រើនជាង ១៥ ភាគរយនៃជនភៀសខ្លួនត្រូវបានប៉ាន់ប្រមាណថា មានពិការភាព ប៉ុន្តែជម្រកភាគច្រើនមិនត្រូវបានបំពាក់គ្រប់គ្រាន់ សម្រាប់តម្រូវការរបស់ពួកគេ៕ ប្រែសម្រួល ឈូក បូរ៉ា

To Top