ព័ត៌មានអន្តរជាតិ

មេដឹកនាំកំពូល របស់អ៊ីរ៉ង់៖ ​អាមេរិក សមគំនិតនៃឧក្រិដ្ឋកម្ម​ របស់អ៊ីស្រាអែល នៅហ្គាហ្សា

រូបភាពពី៖​ XINHUA

តេអេរ៉ង់៖ មេដឹកនាំកំពូលរបស់អ៊ីរ៉ង់លោក Ali Khamenei បានឲ្យដឹងថា សហរដ្ឋអាមេរិក គឺជា “អ្នកសមគំនិតយ៉ាងច្បាស់លាស់នៃឧក្រិដ្ឋកម្ម” របស់អ៊ីស្រាអែល នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីព នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយ ដែលបានបង្ហោះនៅលើគេហទំព័ររបស់មេដឹកនាំ។

នៅក្នុងកិច្ចប្រជុំមួយនៅរដ្ឋធានីតេអេរ៉ង់របស់ប្រទេសអ៊ីរ៉ង់ លោក Khamenei បានថ្កោលទោសអ្នក ដែលទទួលខុសត្រូវ ចំពោះស្ថានភាពមនុស្សធម៌ដែលកាន់តែយ៉ាប់យ៉ឺននៅហ្គាហ្សា និងការសម្លាប់ជនស៊ីវិល។

លោកត្រូវបានគេដកស្រង់សម្តី ដែលបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍”ជនជាតិអាមេរិកមានឈាមរបស់កុមារហ្គាហ្សា ស្ត្រី និងអ្នកដទៃនៅលើដៃរបស់ពួកគេរហូតដល់កែងដៃ។ តាមពិត ជនជាតិអាមេរិក កំពុងដឹកនាំឧក្រិដ្ឋកម្មទាំងនេះ” ។

ដោយពណ៌នាការប្រមូលផ្តុំគាំទ្រប៉ាឡេស្ទីន ដែលបានធ្វើឡើងនៅជុំវិញពិភពលោកថា ជាការបង្ហាញពីកំហឹង និងទុក្ខសោកជាសាធារណៈ លោក Khamenei បានកត់សម្គាល់ថា “អ្នកតស៊ូមតិ សេរីភាព និងសិទ្ធិមនុស្សនៅអឺរ៉ុប បានហាមឃាត់ការតវ៉ាគាំទ្រប៉ាឡេស្ទីន ប៉ុន្តែប្រជាជនបានដើរតាមផ្លូវដោយស្រែកថាពួកគេមានកំហឹង និងភាពសោកសៅ ហើយគ្មាននរណាម្នាក់នឹងអាចទប់ទល់នឹងប្រតិកម្មរបស់ប្រជាជនចំពោះអំពើឃោរឃៅរបស់អ៊ីស្រាអែលឡើយ”។

ក្រុមហាម៉ាស បានបើកការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលមួយលើអ៊ីស្រាអែលកាលពីថ្ងៃទី០៧ ខែតុលា ដោយបានបាញ់រ៉ុក្កែតរាប់ពាន់គ្រាប់ និងជ្រៀតចូលទឹកដីអ៊ីស្រាអែល ដែលអ៊ីស្រាអែល បានឆ្លើយតបជាមួយនឹងការវាយប្រហារតាមអាកាស និងវិធានការដាក់ទណ្ឌកម្ម រួមទាំងការឡោមព័ទ្ធជុំវិញដោយការផ្គត់ផ្គង់ទឹក អគ្គិសនី ប្រេងឥន្ធនៈ និងសម្ភារៈចាំបាច់ផ្សេងៗទៀត​ត្រូវបានកាត់ផ្តាច់៕ ប្រែសម្រួល ឈូក បូរ៉ា

To Top