ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីថាមពល របស់អ៊ីស្រាអែល បញ្ជាក់​ថា យោធាអ៊ីស្រាអែល ជា​យោធា​ដែល​មាន​ សីលធម៌​បំផុត ​ក្នុង​ពិភពលោក

ប្រភព ៖ AFP

បរទេស ៖ រដ្ឋមន្ត្រីថាមពលរបស់អ៊ីស្រាអែល លោក Israel Katz បានប្រាប់កាសែតអាល្លឺម៉ង់ Bild នៅសប្តាហ៍នេះថា កងកម្លាំងយោធា “មនុស្សធម៌” របស់ខ្លួនកំពុងបង្ហាញ ពីការអត់ធ្មត់ ក្នុងការទម្លាក់គ្រាប់បែក ដែលកំពុងបន្ត របស់ពួកគេ ទៅលើតំបន់ Gaza ដែលបានទាក់ទាញ ការថ្កោលទោសយ៉ាងខ្លាំងក្លា ពីអង្គការសហប្រជាជាតិ ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា កងកម្លាំងការពារ អ៊ីស្រាអែល (IDF) បានធ្វើយុទ្ធនាការ ទម្លាក់គ្រាប់បែកយ៉ាងធំលើ តំបន់ប៉ាឡេស្ទីន ដែលមានប្រជាជនរស់នៅច្រើនកុះករ នៃតំបន់ហ្គាហ្សា ជាការសងសឹក ចំពោះការលុកលុយរបស់ក្រុមសកម្ម ប្រយុទ្ធហាម៉ាសកាលពីថ្ងៃទី៧ ខែតុលា ចូលទៅក្នុងប្រទេសអ៊ីស្រាអែល។ ប្រភព​របស់​អ៊ីស្រាអែល​និយាយ​ថា មនុស្ស​ប្រមាណ ១.៤០០​នាក់​ត្រូវ​បាន​សម្លាប់​ក្នុង​ការ​វាយ​ប្រហារ​នេះ ភាគច្រើន​ជា​ជន​ស៊ីវិល ។

ប៉ុន្តែទោះបីជាលោក Katz ប្រាប់កាសែត Bild ថា អ៊ីស្រាអែលរកឃើញខ្លួនឯងនៅក្នុង “សង្គ្រាមលោកលើកទី៣ ប្រឆាំងនឹងអ៊ីស្លាមជ្រុលនិយម” ក៏ដោយ ក៏រដ្ឋមន្ត្រីរដ្ឋាភិបាលបាននិយាយថា កងកម្លាំងរបស់ខ្លួនកំពុងធ្វើសកម្មភាព “មនុស្សធម៌” នៅក្នុងការឆ្លើយតបរបស់ពួកគេ។

លោក Katz បាននិយាយថា “យើងមិនចាប់អារម្មណ៍ក្នុងការអនុញ្ញាតឱ្យប្រជាជនអត់ឃ្លាននោះទេ ។ យើងចង់យកឈ្នះក្រុមហាម៉ាស នោះហើយជាមូលហេតុដែលយើងអំពាវនាវឱ្យប្រជាជនទៅភាគខាងត្បូង នៅទីនោះ ពួកគេទទួលបានទឹក អាហារ ថ្នាំពេទ្យ និងអ្វីៗផ្សេងទៀត”។

លោក​បាន​បន្ថែម​ថា​ «​ខ្ញុំ​បញ្ជាក់​ម្តង​ទៀត​ថា យើង​ជា​មនុស្ស​ដែល​មាន​មនុស្ស​ធម៌។ យើង​ជា​យោធា​ដែល​មាន​សីលធម៌​បំផុត​ក្នុង​ពិភពលោក»។

យ៉ាងណាក៏ដោយ ក្រសួងសុខាភិបាល ហ្គាហ្សាវិញ បាននិយាយថា មនុស្សជាង ៧.០០០នាក់ ត្រូវបានសម្លាប់ ចាប់តាំងពីការវាយប្រហារ សងសឹករបស់អ៊ីស្រាអែលបានចាប់ផ្តើម។ ពួកគេបាននិយាយថាជិត ៣.០០០នាក់ ទាំងនេះគឺជាកុមារ។ កាលពីថ្ងៃពុធ ប្រធានាធិបតីអាមេរិក លោក Joe Biden បាននិយាយថា លោកមានការងឿងឆ្ងល់ អំពីចំនួនអ្នកស្លាប់ជាផ្លូវការដែលធ្វើឡើងដោយប៉ាឡេស្ទីន ប៉ុន្តែមិនបានបញ្ជាក់លម្អិត អំពីមូលហេតុ ដែលលោកមានការសង្ស័យនោះទេ ៕
ប្រែសម្រួលៈ ណៃ តុលា

To Top