បរទេស៖ ក្រុមមន្ត្រីបាននិយាយថា យោធាអាមេរិកនឹងដាក់ពង្រាយទាហាន ៩០០ នាក់ទៅកាន់មជ្ឈិមបូព៌ា ដើម្បីពង្រឹង “សមត្ថភាពការពារកម្លាំង” របស់ខ្លួន។ បុគ្គលិកនឹងធ្វើប្រតិបត្តិការប្រព័ន្ធការពារដែនអាកាសថ្មីដែលត្រូវបានបញ្ជូនទៅកាន់តំបន់ ចំពេលមានការវាយប្រហារជាបន្តបន្ទាប់លើកងទ័ពអាមេរិកនៅក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ អគ្គលេខាធិការសារព័ត៌មានរបស់មន្ទីរបញ្ចកោណ ឧត្តមសេនីយ៍ Pat Ryder បាននិយាយថា ទាហានមួយចំនួនបានទៅដល់មជ្ឈិមបូព៌ាហើយ ខណៈដែលនៅសល់នឹងចាកចេញពីមូលដ្ឋានទ័ពរបស់ពួកគេក្នុងសហរដ្ឋអាមេរិកឆាប់ៗនេះ។
លោកបាននិយាយដោយសំដៅទៅលើការវាយប្រហារដ៏សាហាវដោយក្រុមប្រដាប់អាវុធប៉ាឡេស្ទីនកាលពីដើមខែនេះថា “ក្រសួងការពារជាតិ នៅតែផ្តោតការយកចិត្តទុកដាក់លើការគាំទ្រតម្រូវការការពារជាតិរបស់អ៊ីស្រាអែល បន្ទាប់ពីការវាយប្រហារភេរវករហាម៉ាស, រារាំងជម្លោះក្នុងតំបន់កាន់តែធំ និងធានាការការពារកម្លាំងសម្រាប់កងទ័ពរបស់យើងដែលបម្រើនៅក្នុងតំបន់” ។
មន្ទីរបញ្ចកោណក៏បានបញ្ជាក់ផងដែរនូវការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក និងគ្រាប់រ៉ុក្កែតយ៉ាងហោចណាស់បីលើកទៀត មកលើមូលដ្ឋានទ័ពអាមេរិកនៅទូទាំងអ៊ីរ៉ាក់ និងស៊ីរី បន្ទាប់ពីការវាយប្រហារជាបន្តបន្ទាប់ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ រួមទាំងការវាយលុកមួយដែលបានធ្វើឱ្យទាហាន ២០នាក់រងរបួសស្រាល, នេះបើយោងតាមបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក៕
ប្រែសម្រួលៈ ណៃ តុលា