បរទេស៖ នាយករដ្ឋមន្ត្រីហុងគ្រី បានរារាំងកញ្ចប់ជំនួយរបស់សហភាពអឺរ៉ុប ចំនួន៥០ពាន់លានអឺរ៉ូ ឬត្រូវជា៥២,៨ពាន់លានដុល្លារ សម្រាប់អ៊ុយក្រែន ពីព្រោះលោកយល់ឃើញថា វាច្បាស់ណាស់ថា ទីក្រុងគៀវ នឹងមិនយកឈ្នះទីក្រុងមូស្គូ បានទេ។
យោងតាមការចេញផ្សាយរបស់ RT លោកនាយករដ្ឋមន្ត្រី Viktor Orban បានថ្លែងបែបនេះកាលពីថ្ងៃសុក្រហើយបានអំពាវនាវម្តងហើយម្តងទៀតឱ្យមានបទឈប់បាញ់ និងការចរចាសន្តិភាពក្នុងប្រទេសអ៊ុយក្រែន។
ថ្លែងនៅក្រៅកិច្ចប្រជុំកំពូលនៅទីក្រុងប្រ៊ុសែល លោក Orban បានប្រាប់វិទ្យុ Kossuth របស់ហុងគ្រីថា សំណើររាប់លានអឺរ៉ូ មិនបានដំណើរការត្រឹមត្រូវទេ ហើយវាមិនសមរម្យដើម្បីធ្វើជាមូលដ្ឋានសម្រាប់ការចរចាដ៏ច្បាស់លាស់ណាដែរ ដូច្នេះយើងបានច្រានចោលវា។
លោកបានបន្តទៀតថា យុទ្ធសាស្ត្រទាំងមូលរបស់ទីក្រុងប្រ៊ូសែល ក្នុងការប្រមូលជំនួយផ្នែកយោធា និងសេដ្ឋកិច្ចទៅក្នុងទីក្រុងគៀវ ខណៈពេលដែលការដាក់ទណ្ឌកម្មសេដ្ឋកិច្ចរុស្ស៊ី បានបរាជ័យក្នុងការរុញច្រានជម្លោះនៅក្នុងការបំពេញចិត្តរបស់អ៊ុយក្រែន។
គួរឲ្យដឹងដែរថាក្រៅតែពីការទប់ស្កាត់កញ្ចប់ប្រាក់កម្ចី និងជំនួយចំនួន៥០ពាន់លានអឺរ៉ូ ហុងគ្រីបានរក្សាសិទ្ធិវេតូលើការបញ្ចូលទឹកប្រាក់ចំនួន៥០០លានអឺរ៉ូទៅមូលនិធិសន្តិភាពអឺរ៉ុប (EPF) ដែលជាមូលនិធិចំនួន៥,៦ ពាន់លានអឺរ៉ូ (៦,០៨ ពាន់លានដុល្លារ) ដែលប្លុកនេះប្រើប្រាស់ដើម្បីផ្តល់ហិរញ្ញប្បទាននិងផ្តល់សំណងដល់សមាជិករបស់ខ្លួន ដែលបញ្ជូនអាវុធទៅជម្លោះបរទេស៕ ប្រែសម្រួល៖ស៊ុនលី