ព័ត៌មានអន្តរជាតិ

ហ្ស៊កដានី និងអេហ្ស៊ីប បដិសេធក្នុងការទទួលប្រជាជនប៉ាឡេស្ទីន ដែលភៀសខ្លួន

រូបភាពពី៖​ AFP

បរទេស៖ ប្រទេសហ្ស៊កដានី​ បាន​ដឹកនាំ​ការ​អំពាវនាវ​របស់​អារ៉ាប់​ ឲ្យ​មាន​បទ​ឈប់​បាញ់​នៅ​ក្នុង​សង្រ្គាម​ហ្គាហ្សា ខណៈ​អ្នក​ស្លាប់​និង​របួស​កើនឡើង។ អ្នក​វិភាគ​អារ៉ាប់​ព្រមាន​ថា ការ​ឈ្លាន​ពាន​របស់​អ៊ីស្រាអែល​ដើម្បី​បំផ្លាញ​ក្រុម​ហាម៉ាស អាច​នឹង​ឈាន​ដល់​ជម្លោះ​ក្នុង​តំបន់​កាន់​តែ​ធំ។ ដៃគូសន្តិភាពរបស់អ៊ីស្រាអែល រួមមាន ហ្ស៊កដានី និងអេហ្ស៊ីប បានបដិសេធរាល់ការផ្ទេរប្រជាជនប៉ាឡេស្ទីនទៅកាន់ប្រទេសរបស់ពួកគេ។

យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា នៅពេលដែលការស្លាប់របស់ជនស៊ីវិលកើនឡើង និងស្ថានភាពមនុស្សធម៌កាន់តែយ៉ាប់យ៉ឺននៅក្នុងហ្គាហ្សា, អ៊ីស្រាអែលបានប្តេជ្ញាថា នឹងលុបបំបាត់ក្រុមហាម៉ាស់ ដែលកំណត់ដោយអ៊ីស្រាអែល សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបថា ក្រុមនេះជាអង្គការភេរវករ។

អតីតរដ្ឋមន្ត្រីការបរទេសហ្ស៊កដានី លោក Marwan Muasher បានប្រាប់ក្រុមមជ្ឈមណ្ឌលអនឡាញ Carnegie Mideast នៅសប្តាហ៍នេះថា ការលុបបំបាត់ពួកសកម្មប្រយុទ្ធអាចបង្ហាញពីការលំបាក ដោយសារក្រុមហាម៉ាស់ “បានក្លាយទៅជាមនោគមវិជ្ជាមួយ ហើយដែលក្រុមនេះមិនមែនគ្រាន់តែជាចលនាមួយប៉ុណ្ណោះនោះទេ”។

លោក Muasher បាន​ព្រមាន​ថា​ «​ប្រសិនបើ​ម៉ាស៊ីន​យោធា​របស់​ក្រុម​ហាម៉ាស​ត្រូវ​បាន​បំផ្លាញ ខ្ញុំ​ខ្លាច​ក្រុម​ហាម៉ាស​ជាច្រើន​ទៀត​នឹង​ផ្ទុះឡើង​»។

លោកបន្តថា “ដំណោះស្រាយយោធាប្រភេទនេះមិនអាចដោះស្រាយបញ្ហានេះបានទេ។ មានតែដំណើរការនយោបាយទេដែលអាច ហើយបញ្ហា​ដំណើរ​ការ​នយោបាយ ខ្ញុំ​មិន​ឃើញ​អ្នក​ណា​ទៅ​ដឹក​នាំ​នោះទេ»៕ ប្រែសម្រួលៈ ណៃ តុលា

To Top