ព័ត៌មានអន្តរជាតិ

ក្រុមហាម៉ាស់​ ថា អាមេរិក កំពុងចូលប្រយុទ្ធនៅ ហ្គាហ្សា

រូបភាពពី៖​ U.s Navy

បរទេស៖ សមាជិកជាន់ខ្ពស់នៃក្រុមហាម៉ាសបាននិយាយថា ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនមានការភ្ញាក់ផ្អើលចំពោះប្រតិកម្មរបស់អាមេរិកចំពោះអំពើហឹង្សានាពេលថ្មីៗនេះនៅក្នុងតំបន់ហ្គាហ្សា ដែលបង្ហាញថា សហរដ្ឋអាមេរិកអាចចូលប្រយុទ្ធ បន្ទាប់ពីអាមេរិកបានបញ្ជូនទាហានរាប់ពាន់នាក់ និងនាវាផ្ទុកយន្តហោះពីរគ្រឿងទៅកាន់តំបន់នោះ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា នៅក្នុងបទសម្ភាសន៍ជាមួយកាសែត Financial Times ដែលបានចេញផ្សាយកាលពីថ្ងៃសុក្រ លោក Ali Barakeh សមាជិកនៃក្រុមហាម៉ាសដែលមានមូលដ្ឋាននៅប្រទេសលីបង់បាននិយាយថា ក្រុម “មិនរំពឹងថានឹងមានការឆ្លើយតបច្រើនទេ” ពីសហរដ្ឋអាមេរិក។

លោកថា «​ជា​ការឆ្លើយតប​របស់​អ៊ីស្រាអែល​មែនទេ? បាទ យើង​បាន​រំពឹង​ទុក​បែបនោះ»។ ប៉ុន្តែអ្វីដែលយើងកំពុងឃើញនៅពេលនេះ គឺច្រកចូលរបស់អាមេរិកចូលទៅក្នុងសមរភូមិ ហើយនេះយើងមិនបានពឹងលើអ្វីនោះទេ។

ទីក្រុងវ៉ាស៊ីនតោនបានបង្ហាញពីកម្លាំងដ៏សំខាន់នៅមជ្ឈិមបូព៌ា ចាប់តាំងពីការវាយប្រហារដ៏សាហាវរបស់ពួកហាម៉ាសកាលពីថ្ងៃទី ៧ ខែតុលា មកលើអ៊ីស្រាអែល ដោយដាក់ពង្រាយក្រុមវាយប្រហារនាវាផ្ទុកយន្តហោះពីរទៅកាន់សមុទ្រមេឌីទែរ៉ាណេ ក៏ដូចជានាវាវាយប្រហារដែលផ្ទុកនាវិក និងកងម៉ារីនចំនួន ២.០០០ នាក់ផងដែរ។ មន្ត្រីអាមេរិកបាននិយាយថា ចំណាត់ការនេះគឺសំដៅរារាំងតួអង្គខាងក្រៅពីការចូលរួមក្នុងសង្គ្រាមហ្គាហ្សា។

កាលពីថ្ងៃព្រហស្បតិ៍ មន្ទីរបញ្ចកោណបាននិយាយថា ខ្លួនបានធ្វើការវាយប្រហារតាមអាកាស ទៅលើទីតាំងចំនួនពីរនៅភាគខាងកើតប្រទេសស៊ីរី ដែលត្រូវបានចោទប្រកាន់ថា ត្រូវបានប្រើប្រាស់ដោយកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) និងក្រុមដែលពាក់ព័ន្ធ ដោយអះអាងថា ប្រតិបត្តិការនេះគឺនៅក្នុង “ការការពារខ្លួន” បន្ទាប់ពីគ្រាប់រ៉ុក្កែតជាច្រើនគ្រាប់បានវាយប្រហារលើកងទ័ពអាមេរិក។

ខណៈពេលដែលបេសកកម្មនេះបានគូសបញ្ជាក់ពីការកើនឡើងនៃសកម្មភាពយោធារបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់ មន្ត្រីបានសង្កត់ធ្ងន់ថា វាស្ថិតនៅ “ដាច់ដោយឡែក និងខុសគ្នា” ពីអរិភាពជាមួយក្រុមហាម៉ាស៕ ប្រែសម្រួលៈ ណៃ តុលា

To Top