ព័ត៌មានអន្តរជាតិ

G7 ព្រមព្រៀងជំរុញខ្សែសង្វាក់ផ្គត់ផ្គង់ជាមួយដៃគូ ដែលអាចទុកចិត្តបាន

Kyodo

តូក្យូ៖ រដ្ឋមន្ត្រីសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មរបស់ប្រទេសជប៉ុន លោក Yasutoshi Nishimura បានឲ្យដឹងថា ក្រុមសេដ្ឋកិច្ចទាំង៧ បានព្រមព្រៀងគ្នា ដើម្បីបង្កើតខ្សែសង្វាក់ផ្គត់ផ្គង់ធន់នៃសារធាតុរ៉ែសំខាន់ៗដូចជាធាតុកម្រដែលប្រើក្នុងរថយន្តអគ្គិសនីជាមួយដៃគូដែលគួរឱ្យទុកចិត្ត។

លោក Nishimura សហប្រធាននៃកិច្ចប្រជុំ G7 រយៈពេលពីរថ្ងៃក្នុងចំណោមរដ្ឋមន្ត្រីពាណិជ្ជកម្មនៅខេត្តអូសាកា បានបង្ហាញកិច្ចព្រមព្រៀងបន្ទាប់ពីបើកកិច្ចប្រជុំផ្សព្វផ្សាយ ដែលក្នុងនោះប្រទេសកំពុងរីកចម្រើន និងកំពុងអភិវឌ្ឍន៍ត្រូវបានអញ្ជើញឱ្យពិភាក្សាជាលើកដំបូងនៅក្នុងក្របខ័ណ្ឌរដ្ឋមន្ត្រី។

រដ្ឋមន្ត្រី G7 មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការជាមួយប្រទេសដែលសម្បូរធនធាន រួមទាំងប្រទេសដែលហៅថា Global South ដោយសារតួនាទី ដែលពួកគេដើរតួក្នុងការកសាងខ្សែសង្វាក់ផ្គត់ផ្គង់ស្ថិរភាពត្រូវបានគេមើលឃើញថា មានសារៈសំខាន់កាន់តែខ្លាំងឡើងនៅក្នុងបរិយាកាសភូមិសាស្ត្រនយោបាយនាពេលថ្មីៗនេះ។

សង្រ្គាមដែលកំពុងបន្តរបស់រុស្ស៊ី ប្រឆាំងនឹងអ៊ុយក្រែន និងភាពតានតឹងរវាងសហរដ្ឋអាមេរិក និងចិនលើឧបករណ៍អេឡិចត្រូនិក និងបច្ចេកវិទ្យាទំនើប ក្នុងចំណោមបញ្ហាផ្សេងទៀត បញ្ជាក់ពីសារៈសំខាន់នៃសន្តិសុខសេដ្ឋកិច្ច និងខ្សែសង្វាក់ផ្គត់ផ្គង់ សម្រាប់សម្ភារៈចាំបាច់ក្នុងការផលិតបន្ទះសៀគ្វីកុំព្យូទ័រ និងថ្ម។

អ្នកចូលរួមក៏កំពុងពិភាក្សាអំពីការឆ្លើយតបរបស់ពួកគេចំពោះ “ការបង្ខិតបង្ខំសេដ្ឋកិច្ច” ខណៈដែលប្រទេសចិន ដែលដឹកនាំដោយកុម្មុយនិស្តត្រូវបានប្រទេសប្រជាធិបតេយ្យមួយចំនួនរិះគន់ ចំពោះការប្រើយុទ្ធសាស្ត្រ ដូចជាការគ្រប់គ្រងពាណិជ្ជកម្ម ដើម្បីដាក់សម្ពាធលើប្រទេសផ្សេងទៀតក្នុងការស្វែងរកគោលដៅនយោបាយរបស់ខ្លួន៕

ប្រែសម្រួល ឈូក បូរ៉ា

To Top