យេរ៉ុសាឡឹម ៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានឲ្យដឹងថា គណៈរដ្ឋមន្ត្រី សង្គ្រាមរបស់ប្រទេស និងគណៈរដ្ឋមន្ត្រី នយោបាយ “បានសម្រេចចិត្តជាឯកច្ឆ័ន្ទ ដើម្បីពង្រីកប្រតិបត្តិការជើងគោក ” នៅតំបន់ហ្គាហ្សាស្ទ្រីប។ ទន្ទឹមនឹងនេះ បណ្តាប្រទេស ក្នុងតំបន់បានព្រមាន អ៊ីស្រាអែល ប្រឆាំងនឹងប្រតិបត្តិការ ជើងគោកបន្ថែមទៀត ។
នៅក្នុងសន្និសីទសារព័ត៌មានមួយ ដែលមានការចូលរួមដោយមន្ត្រីជាន់ខ្ពស់ផ្សេងទៀតនៅក្នុងទីក្រុង Tel Aviv លោក ណេតាន់យ៉ាហ៊ូ បានលើកឡើងថា អ៊ីស្រាអែលឥឡូវនេះ ” កំពុងឈានចូលដំណាក់កាលទីពីរ នៃសង្រ្គាម” ក្នុងអំឡុងពេលដែលប្រទេស របស់លោក នឹងព្យាយាមសម្រេច បាននូវគោលដៅរបស់ខ្លួនគឺ “ការបំផ្លាញសមត្ថភាពយោធា និងការគ្រប់គ្រង របស់ក្រុមហាម៉ាស និង បញ្ជូនចំណាប់ខ្មាំងមកផ្ទះវិញ”។
លោក ណេតាន់យ៉ាហ៊ូ ក៏បានព្រមានថា សង្រ្គាមនឹងមានរយៈពេលវែង និងពិបាក ហើយបានទាមទារម្តងទៀត ឲ្យជនស៊ីវិលប៉ាឡេស្ទីន ជម្លៀសខ្លួនចេញពីតំបន់ហ្គាហ្សា ភាគខាងជើង ជាកន្លែងដែលអ៊ីស្រាអែល កំពុងផ្តោតលើការវាយប្រហាររបស់ខ្លួន។
ប្រធានសេនាធិការនៃកងកម្លាំងការពារអ៊ីស្រាអែល (IDF) លោក Herzi Halevi ក៏បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ជាវីដេអូមួយកាលពីថ្ងៃសៅរ៍ថា ប្រតិបត្តិការជើងគោកជិតមកដល់ហើយ ដោយបន្ថែមថា គោលដៅរបស់ IDF “កំណត់ការវាយលុកលើដី” ។
កងកម្លាំងអ៊ីស្រាអែល បានធ្វើប្រតិបត្តិការជើងគោកមានកម្រិតក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះក្នុងតំបន់ហ្កាហ្សាមុននឹងការឈ្លានពានលើដីដ៏ធំ។ ទាហានបម្រុងជាង ៣០ម៉ឺននាក់ត្រូវបានកោះហៅឱ្យបំពេញកាតព្វកិច្ច ខណៈដែលពួកគេជាច្រើនកំពុងប្រមូលផ្តុំនៅតាមព្រំដែនជាមួយតំបន់ហ្គាហ្សា៕
ប្រែសម្រួល ឈូក បូរ៉ា