ហ្គាហ្សា ៖ កងពលតូច Al-Qassam ដែលជាស្លាបប្រដាប់អាវុធនៃចលនាតស៊ូអ៊ីស្លាម (ហាម៉ាស) បានឲ្យដឹងថា ខ្លួនត្រៀមខ្លួនជាស្រេច ដើម្បីជួបពិភាក្សាជាមួយអ៊ីស្រាអែល លើការដោះស្រាយបញ្ហាចំណាប់ខ្មាំង។
លោក Abu Obaida អ្នកនាំពាក្យកងពលតូចបានឲ្យដឹងនៅក្នុងសុន្ទរកថាតាមទូរទស្សន៍ថា “ប្រសិនបើអ៊ីស្រាអែល ចង់ដោះស្រាយបញ្ហាក្នុងពេលតែមួយ យើងបានត្រៀមខ្លួនរួចជាស្រេចសម្រាប់វា។
លោកក៏បានអះអាងផងដែរថា “ទំនាក់ទំនង” ត្រូវបានធ្វើឡើង សម្រាប់ការព្យាយាមដោះស្រាយ បញ្ហាចំណាប់ខ្មាំង ប៉ុន្តែអ៊ីស្រាអែល មិនបានបង្ហាញពី “ភាពព្យាយាមពិតប្រាកដនោះទេ” ដោយបន្ថែមថា លក្ខខណ្ឌតែមួយគត់ សម្រាប់ការដោះលែង ចំណាប់ខ្មាំង ដែលកាន់កាប់ដោយក្រុមនេះ គឺសម្រាប់អ៊ីស្រាអែល ក្នុងការដោះលែងអ្នកទោសប៉ាឡេស្ទីន ទាំងអស់ ។
ជាការឆ្លើយតបទៅនឹងរបាយការណ៍ស្តីពីកិច្ចព្រមព្រៀង ដោះលែងចំណាប់ខ្មាំង ដែលអាចទៅរួច លោក Daniel Hagari អ្នកនាំពាក្យ នៃកងកម្លាំងការពារអ៊ីស្រាអែល កាលពីថ្ងៃសុក្របានហៅរបាយការណ៍នេះថា “ភេរវកម្មផ្លូវចិត្តដែលប្រើដោយក្រុមហាម៉ាស” ។ យោងតាម IDF បានឱ្យដឹងថា ចំណាប់ខ្មាំងសរុបចំនួន ២២៩ នាក់កំពុងត្រូវបានចាប់ខ្លួននៅហ្គាហ្សា ដែលភាគច្រើនជាជនស៊ីវិល ។
កងពលតូចបានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ចំណាប់ខ្មាំងយ៉ាងហោចណាស់ ៥០នាក់ត្រូវបានសម្លាប់ដោយការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល។ ពួកគេ៤នាក់ត្រូវបានក្រុមហាម៉ាសដោះលែង ។
កាលពីថ្ងៃទី០៧ ខែតុលា កងពលតូច Al-Qassam បានបើកការវាយប្រហារ ដ៏គួរឱ្យភ្ញាក់ផ្អើលមួយលើអ៊ីស្រាអែល ដោយការបាញ់រ៉ុក្កែត រាប់ពាន់គ្រាប់ទៅ លើទីតាំង អ៊ីស្រាអែល និងជ្រៀតចូលទីប្រជុំជននៅជិតព្រំដែន ជាមួយតំបន់ហ្គាហ្សា ដោយបានសម្លាប់មនុស្ស យ៉ាងហោចណាស់ ១៤០០នាក់ នៅក្នុងប្រទេសអ៊ីស្រាអែល និងចាប់ចំណាប់ខ្មាំង ជាច្រើនទៅកាន់តំបន់ហ្គាហ្សា ភ្លាមនោះអ៊ីស្រាអែលបានសងសឹក នឹងការវាយប្រហារតាមអាកាសដ៏ធំលើតំបន់ហ្កាហ្សា ដោយបានសម្លាប់មនុស្សជាង ៧,៧០០ នាក់នៅតំបន់ឆ្នេរ ៕
ប្រែសម្រួល ឈូក បូរ៉ា