ព័ត៌មានអន្តរជាតិ

យន្តហោះយោធា អាមេរិក ហោះស្ទាក់យន្តហោះឯកជន មួយគ្រឿង ដែលហោះចូលជិតលំនៅដ្ឋាន ប្រធានាធិបតី Joe Biden

ប្រភព ៖ AFP

សេវាសម្ងាត់អាមេរិក បាននិយាយថា យន្តហោះស៊ីវិលមិនជាក់លាក់មួយគ្រឿង បានហោះរំលោភលើដែនអាកាស ដែលបានរឹតបន្តឹងភាគខាងជើង នៃទីក្រុង Wilmington រដ្ឋ Delaware នៅជិតលំនៅដ្ឋាន របស់ប្រធានាធិបតី សហរដ្ឋអាមេរិកលោក Joe Biden កាលពីថ្ងៃសៅរ៍ ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា ប្រធានផ្នែកទំនាក់ទំនងនៃសេវាសម្ងាត់អាមេរិក លោក Anthony Guglielmi បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ជាការប្រុងប្រយ័ត្ន យន្តហោះត្រូវបញ្ជាឱ្យដេញស្ទាក់ចាប់ ហើយយន្តហោះស៊ីវិលបានចុះចត ដោយសុវត្ថិភាព នៅព្រលានយន្តហោះក្បែរនោះ” ។

ឧបទ្ទវហេតុនេះបានកើតឡើងភ្លាមៗបន្ទាប់ពីម៉ោង ២ រសៀលថ្ងៃសៅរ៍ ខណៈដែលលោកប្រធានាធិបតី Biden នៅផ្ទះ នៅទីក្រុង Wilmington ប៉ុន្តែយោងទៅតាមមន្រ្តីសន្តិសុខ “មិនមានផលប៉ះពាល់ដល់ចលនា របស់អ្នកការពារនោះទេ” ។

យ៉ាងណាក៏ដោយ សេវាសម្ងាត់បានបើកការស៊ើបអង្កេត លើឧបទ្ទវហេតុនេះ ដោយមានការសម្របសម្រួល ជាមួយរដ្ឋបាលអាកាសចរណ៍សហព័ន្ធ។

សូមជម្រាបថា កាលពីខែមិថុនា យន្តហោះចម្បាំង F-16 របស់កងទ័ពអាកាសសហរដ្ឋអាមេរិក បានព្យាយាមស្ទាក់ចាប់យន្តហោះឯកជនមួយគ្រឿង ដែលបានហោះពីលើទីក្រុងវ៉ាស៊ីនតោន ឌីស៊ី ហើយបានធ្លាក់ចូលទៅក្នុងតំបន់ភ្នំក្នុងរដ្ឋ Virginia ។ ឧបទ្ទវហេតុនេះ ត្រូវបានគេរាយការណ៍ថា បណ្តាលមកពីការបាត់បង់សម្ពាធនៅត្រង់កាប៊ីនភ្លាមៗ ដែលធ្វើឱ្យសមាជិកនាវិក នៃជើងហោះហើរអសមត្ថភាព ៕
ប្រែសម្រួលៈ ណៃ តុលា

To Top