បរទេស៖ យោងតាមការចេញផ្សាយរបស់ RT នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយនៅក្នុងសុន្ទរកថា តាមទូរទស្សន៍មួយកាលពីយប់ថ្ងៃសៅរ៍ ដោយព្រមានពលរដ្ឋឱ្យរៀបចំខ្លួនសម្រាប់ការតស៊ូដ៏យូរខាងមុខខណៈដែលប្រតិបត្តិការដោយោធាដំណាក់កាលទី២ លើក្រុមហាម៉ាស បានចាប់ផ្តើម។
នាយករដ្ឋមន្ត្រី ដែលបាននិយាយនៅក្នុងសុន្ទរកថា របស់លោកថា៖ នៅក្នុងសប្តាហ៍ដំបូង នៃសង្រ្គាម យើងបានបើកការវាយប្រហារតាមអាកាសដ៏ធំ ដែលបានវាយប្រហារយ៉ាងធ្ងន់ធ្ងរដល់សត្រូវហើយ យើងបានកម្ចាត់ក្រុមភេរវករបានជាច្រើននាក់រួចមកហើយ។
ទោះបីជាយ៉ាងណាក្តីក្នុងរយៈពេលបីសប្តាហ៍ នៃការប្រតិបត្តិការតាមអាកាសរបស់អ៊ីស្រាអែល ចំនួនអ្នកស្លាប់នៅហ្គាហ្សាបានកើនឡើងលើសពី៨០០០នាក់មកហើយដែលក្នុងនោះ ពាក់កណ្តាលនៃពួកគេគឺជាកុមារនេះបើយោងតាមតួលេខដែលក្រសួងសុខាភិបាលនៅក្នុងក្រុមហាម៉ាសដែលគ្រប់គ្រងដោយប៉ាឡេស្ទីនបានប្រាប់ AFP កាលពីព្រឹកថ្ងៃអាទិត្យ។
លោក Netanyahuបានព្រមាននិងសង្កត់ធ្ងន់ថា៖ ទោះជាយ៉ាងណាក៏ដោយ នេះត្រឹមតែជាការចាប់ផ្តើមប៉ុណ្ណោះហើយ ការប្រយុទ្ធគ្នានៅតំបន់ហ្គាហ្សាស្ទ្រីបនឹងមានការលំបាក និងយូរអង្វែងជាងនេះ។នេះគឺជាសង្គ្រាមឯករាជ្យលើកទីពីររបស់យើង។ នេះជាបេសកកម្មរបស់យើង គោលបំណងរបស់យើងក្នុងជីវិត ហើយរួមគ្នាយើងនឹងយកឈ្នះវាឲ្យបាន៕ ប្រែសម្រួល៖ស៊ុនលី