បរទេស ៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេស នៃប្រទេសតួគីកាលពីថ្ងៃចន្ទ បានចេញសេចក្តី ប្រកាសថ្កោលទោស យ៉ាងខ្លាំងទៅលើការវាយប្រហារ ដោយប្រទេសអ៊ស្រាអ៊ែល ទៅលើមន្ទីរពេទ្យមិត្តភាពមួយកន្លែង រវាងតួគីនិងប៉ាឡេស្ទីន នៅក្នុងតំបន់ហ្គាហ្សា។
ក្រសួងបរទេសបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍នោះថា៖ មិនអាចមានហេតុផល សម្រាប់ការវាយប្រហារ បែបនេះលើមន្ទីរ ពេទ្យមហារីក តែមួយគត់នៅហ្គាហ្សានោះទេ ចាប់តាំងពីព័ត៌មានចាំបាច់ទាំងអស់ រួមទាំងការសម្របសម្រួល របស់ស្ថាប័នដែលចោទសួរ ត្រូវបានចែករំលែកជាមួយអាជ្ញាធរ អ៊ីស្រាអែលជាមុនរួចទៅហើយក្តី ។
ការវាយប្រហារតាមអាកាស របស់អ៊ីស្រាអែលបានធ្វើឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់មន្ទីរពេទ្យដែលផ្តល់មូលនិធិដោយតួគី នេះបើយោងតាមអាជ្ញាធរ សុខាភិបាល ប៉ាឡេស្ទីននៅក្នុងតំបន់ហ្គាហ្សា ។
ចាប់ពីឆ្នាំ២០១១ដល់ឆ្នាំ២០១៧ រដ្ឋាភិបាលតួកគីបានផ្តល់មូលនិធិ សម្រាប់ការសាងសង់មន្ទីរពេទ្យ ដែលមានចំនួន១៨០ គ្រែ ដែលគ្របដណ្តប់លើផ្ទៃដី៣៤៨០០ ម៉ែត្រការ៉េមួយនេះ។
សេចក្តីថ្លែងការណ៍ ក៏បានកត់សម្គាល់ដែរថា ៖ការឡោមព័ទ្ធ និងការវាយប្រហារ ដោយអមនុស្សធម៌ទាំងនេះ ដែលមានគោលបំណង បណ្តេញជនប៉ាឡេស្ទីនពីក្នុងតំបន់ហ្គាហ្សានូវសិទ្ធិជាមូលដ្ឋាន បំផុតរបស់ពួកគេ ហើយវាគឺជាសកម្មភាពបំពានច្បាប់ អន្តរជាតិយ៉ាងច្បាស់ហើយតួកគីក៏ នឹងទាមទារឱ្យអ៊ីស្រាអែល បញ្ឈប់ការផ្តោតគោលដៅ លើប្រជាជន ស៊ីវិលតទៅទៀត នៅតំបន់ហ្គាហ្សាផងដែរ ៕
ប្រែសម្រួល៖ស៊ុនលី