ព័ត៌មានអន្តរជាតិ

លោក Netanyahu បដិសេធបទឈប់បាញ់ ក្នុងតំបន់ហ្គាហ្សា

GPO

បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ក្នុងអំឡុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃចន្ទម្សិលមិញ បានច្រានចោលទាំងស្រុង នូវគំនិតនៃបទឈប់បាញ់ នៅក្នុងតំបន់ហ្គាហ្សា ដែលមានន័យថាវាស្មើនឹង ជ័យជម្នះដោយក្រុមហាម៉ាស់។

លោក Netanyahu បានប្រាប់អ្នកយកព័ត៌មាន ដោយប្តេជ្ញាថា ៖ការអំពាវនាវឱ្យមានបទឈប់បាញ់ គឺជាការអំពាវនាវឱ្យអ៊ីស្រាអែលចុះចាញ់ក្រុមហាម៉ាស ឱ្យចុះចាញ់ នឹងអំពើភេរវកម្ម ការចុះចាញ់នឹងភាពព្រៃផ្សៃ ហើយវាដាច់ខាត នឹងមិនកើតឡើងនោះទេ។

លោកបានបន្តទៀតថា ៖ទាំងសហរដ្ឋអាមេរិកក្តី នឹងមិនយល់ព្រមចំពោះបទឈប់បាញ់នេះ ដូចគ្នាឧទាហរណ៍ជាក់ស្តែង បន្ទាប់ពីការ ទម្លាក់គ្រាប់បែកនៅកំពង់ផែ Pearl Harbor ឬបន្ទាប់ពីការវាយប្រហារភេរវកម្ម 9/11 នោះ អ៊ីស្រាអែលនឹងមិនយល់ព្រមចំពោះការបញ្ឈប់អរិភាពជាមួយក្រុមហាម៉ាស បន្ទាប់ពីការវាយប្រហារដ៏រន្ធត់កាលពីថ្ងៃទី៧ខែតុលាដូចគ្នាដែរ។

គួរឲ្យដឹងដែរថាចាប់តាំង ពីការប្រកាសសង្គ្រាមលើក្រុមហាម៉ាស់ បន្ទាប់ពីការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើល របស់ក្រុមសកម្មប្រយុទ្ធកាលពីថ្ងៃទី៧ខែតុលា អ៊ីស្រាអែលត្រូវបាន បើកប្រតិបត្តិការ ជាបន្តបន្ទាប់សម្លាប់ប្រជាជនប៉ាឡេស្ទីន ជាង៨៣០០ នាក់មកហើយ ។

ស្ថាប័នសិទ្ធិមនុស្សរបស់អង្គការ សហប្រជាជាតិបានចោទប្រកាន់ក្រុង យេរូសាឡឹមខាងលិចពីបទឧក្រិដ្ឋកម្មសង្គ្រាម រួមទាំងអំពើ ប្រល័យពូជសាសន៍ ដោយពណ៌នាអំពី បញ្ជាជម្លៀសចេញ ដល់ប្រជាជនជាង១លាននាក់ នៅភាគខាងជើងហ្គាហ្សាថាជាការប៉ុនប៉ងបិទបាំង នូវការបោសសម្អាតជនជាតិភាគ តិចក្រោមរូបភាពនៃសង្គ្រាម៕

ប្រែសម្រួល៖ស៊ុនលី

To Top