យេរ៉ូសាឡឹម៖ ទាហានអ៊ីស្រាអែល បានបន្តប្រតិបត្តិការជើងគោកនៅតំបន់ហ្គាហ្សាស្ទ្រីប កាលពីថ្ងៃចន្ទ ខណៈចំនួនអ្នកស្លាប់នៅតំបន់ឆ្នេរមានលើសពី ៨៣០០នាក់ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
នៅថ្ងៃច័ន្ទផងដែរ កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទាហានអ៊ីស្រាអែលម្នាក់ ដែលត្រូវបានចាប់ពង្រត់ទៅកាន់តំបន់ហ្គាហ្សាស្ទ្រីប ដែលឡោមព័ទ្ធដោយក្រុមហាម៉ាស កាលពីថ្ងៃទី០៧ ខែតុលា ត្រូវបានដោះលែង។
ប្រភពពី IDF បានឲ្យដឹងកាលពីមុនថា មនុស្សសរុបចំនួន ២៣៩ នាក់ត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំងក្នុងអំឡុងពេលការវាយប្រហាររបស់ក្រុមហាម៉ាស។
ប្រភពបានឲ្យដឹងទៀតថា ទាហានបានឆ្លងកាត់ការត្រួតពិនិត្យសុខភាពហើយ “ធ្វើបានល្អ” ហើយបានជួបជាមួយគ្រួសាររបស់នាងដោយសង្កត់ធ្ងន់ថា IDF នឹងបន្តធ្វើអ្វីគ្រប់យ៉ាង ដើម្បីនាំយកចំណាប់ខ្មាំងផ្សេងទៀតមកវិញ។
ទន្ទឹមនឹងនេះ មន្ត្រីក្រុមហាម៉ាស បានបដិសេធការអះអាងរបស់កងទ័ពអ៊ីស្រាអែល ដោយថា “វាមានគោលបំណងធ្វើឱ្យមានការភ័ន្តច្រឡំ និងការងឿងឆ្ងល់ ហើយគ្មាននរណាម្នាក់ជឿរឿងរបស់អ៊ីស្រាអែលឡើយ” ។
លោក Izzat al-Rishq សមាជិកការិយាល័យនយោបាយរបស់ក្រុមហាម៉ាស បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ការប្រកាសបែបនេះមានគោលបំណងបង្អាក់វីដេអូរបស់អ្នកទោសស្ត្រី ៣នាក់ ដែលជាការតក់ស្លុតយ៉ាងខ្លាំងដល់សង្គមអ៊ីស្រាអែល” ដោយសំដៅទៅលើវីដេអូខ្លីមួយ ដែលបានចេញផ្សាយដោយ ក្រុមហាម៉ាស នៅមុនថ្ងៃ។
វីដេអូនោះបានបង្ហាញពីការចាប់ចំណាប់ខ្មាំងស្ត្រី ៣នាក់ ដែលម្នាក់ក្នុងចំណោមនោះបានពេញចិត្តអំពីការឆ្លើយតបរបស់អ៊ីស្រាអែលចំពោះវិបត្តិចំណាប់ខ្មាំង ប៉ុន្ដែវាមិនច្បាស់ថាតើវីដេអូនេះត្រូវបានគេថតនៅពេលណានោះទេ។
ទោះបីជាមានការអំពាវនាវអន្តរជាតិឱ្យមានបទឈប់បាញ់នៅតំបន់ហ្គាហ្សា និងការដោះលែងអ្នកជាប់ឃុំជនស៊ីវិលក៏ដោយ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានឲ្យដឹងកាលពីល្ងាចថ្ងៃចន្ទថា បទឈប់បាញ់ “នឹងមិនកើតឡើងនោះទេ”៕ ប្រែសម្រួល ឈូក បូរ៉ា