ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានឲ្យដឹងថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួននៅពីក្រោយវិបត្តិមជ្ឈិមបូព៌ា និងជម្លោះក្នុងតំបន់ផ្សេងទៀត ហើយទទួលបានអត្ថប្រយោជន៍ច្រើនបំផុតពីអស្ថិរភាពពិភពលោក។
មេដឹកនាំរុស្ស៊ីរូបនេះ បានឲ្យដឹងនៅក្នុងកិច្ចប្រជុំជាមួយមន្ត្រីសន្តិសុខ និងអនុវត្តច្បាប់កំពូលថា “អ្នកដែលនៅពីក្រោយជម្លោះនៅមជ្ឈិមបូព៌ា និងវិបត្តិក្នុងតំបន់ផ្សេងទៀតនឹងទាញយកផលអាក្រក់របស់ពួកគេដើម្បីសាបព្រួសការស្អប់ខ្ពើម ហើយសាបព្រោះការមិនពេញចិត្តក្នុងចំណោមប្រជាជនទូទាំងពិភពលោក” ។
លោក ពូទីន បានលើកឡើងថា វាជារឿងសំខាន់ក្នុងការយល់ដឹងថា អ្នកណានៅពីក្រោយជម្លោះនៅមជ្ឈិមបូព៌ា ហើយអ្នកណាជាអ្នកទទួលខុសត្រូវក្នុងការរៀបចំ និងទទួលបានអត្ថប្រយោជន៍ពី “ភាពវឹកវរដ៏សាហាវ” នៅក្នុងតំបន់ផ្សេងៗគ្នា។
លោកបានបន្ដថា “វាគឺជាឥស្សរជនដែលកំពុងកាន់អំណាចរបស់សហរដ្ឋអាមេរិកបច្ចុប្បន្ន និងផ្កាយរណបរបស់ពួកគេ ដែលជាអ្នកទទួលផលសំខាន់នៃអស្ថិរភាពពិភពលោក” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោក ពូទីន បានបន្ថែមថា ការប៉ុនប៉ងត្រូវបានធ្វើឡើង ដើម្បីប្រើប្រាស់ស្ថានការណ៍ដ៏ធ្ងន់ធ្ងរនៅមជ្ឈិមបូព៌ា និងជម្លោះក្នុងតំបន់ផ្សេងទៀតប្រឆាំងនឹងរុស្ស៊ី ដោយមានគោលបំណងធ្វើឱ្យប្រទេសមានអស្ថិរភាព និងបំបែកសង្គមចម្រុះ និងពហុសាសនារបស់ខ្លួន។
សហរដ្ឋអាមេរិក កាន់តែចុះខ្សោយ និងបាត់បង់ឋានៈរបស់ខ្លួនជាមហាអំណាច និងអនុត្តរភាពតែមួយគត់របស់ពិភពលោក។ លោក ពូទីន បានបន្ថែមថា សណ្តាប់ធ្នាប់ពិភពលោកនេះ កំពុងក្លាយជារឿងអតីតកាលបន្តិចម្តងៗ។
លោកបានបញ្ជាក់ទៀតថា ទីក្រុងវ៉ាស៊ីនតោន ចង់រក្សា និងពង្រីកការត្រួតត្រារបស់ខ្លួន និងភាពជាអ្នកដឹកនាំសកលលោក ដោយលោកបានបន្ថែមថា នេះគឺមានភាពងាយស្រួលជាងនៅក្នុងគ្រា នៃអស្ថិរភាពពិភពលោក នៅពេលដែលវាងាយស្រួលក្នុងការទប់ស្កាត់គូប្រជែង និងគូប្រជែងភូមិសាស្ត្រនយោបាយ៕ ប្រែសម្រួល ឈូក បូរ៉ា