ព័ត៌មានអន្តរជាតិ

ប៉ាឡេស្ទីន ​ស្នើ​កិច្ច​ប្រជុំ​បន្ទាន់ ​របស់​សម្ព័ន្ធ​អារ៉ាប់ ​ជុំវិញ​ការ​វាយ​ប្រហារ ​របស់​អ៊ីស្រាអែល ​លើ​តំបន់​ហ្គាហ្សា

ប្រភព ៖ Xinhua

រ៉ាម៉ាឡា ៖ ប៉ាឡេស្ទីន បានស្នើឱ្យមានកិច្ចប្រជុំបន្ទាន់នៃសម្ព័ន្ធអារ៉ាប់ (AL) នៅកម្រិតថ្នាក់រដ្ឋមន្ត្រីការបរទេស ដើម្បីពិភាក្សាអំពី “ការឈ្លានពាន” របស់អ៊ីស្រាអែល នៅលើតំបន់ហ្គាហ្សាស្ទ្រីប នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក Mohannad Aklouk តំណាងអចិន្ត្រៃយ៍របស់ប៉ាឡេស្ទីន នៅសម្ព័ន្ធអារ៉ាប់ AL បានដាក់សំណើជាផ្លូវការ បន្ទាប់ពីការសម្របសម្រួល ជាមួយអារ៉ាប៊ីសាអូឌីត ប្រភពពីការិយាល័យតំណាងប៉ាឡេស្ទីន ទៅកាន់ AL បានប្រាប់ស៊ីនហួរកាលពីថ្ងៃចន្ទ។

លោកបានលើកឡើងថា ប៉ាឡេស្ទីន ក៏ស្វែងរកការពិភាក្សាអំពីការវិវឌ្ឍន៍ថ្មីៗ នៅតំបន់វេសបែង និងមធ្យោបាយនៃការគាំទ្រដល់ប្រជាជនប៉ាឡេស្ទីន ដែលប្រឈមមុខនឹងបញ្ហាសង្គម សេដ្ឋកិច្ច មនុស្សធម៌ និងនយោបាយ ។

ក្រុមហាម៉ាសបានបើកការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលមួយលើអ៊ីស្រាអែលកាលពីថ្ងៃទី០៧ ខែតុលា ដោយបានបាញ់រ៉ុក្កែតរាប់ពាន់គ្រាប់ និងជ្រៀតចូលទឹកដីអ៊ីស្រាអែល ដែលអ៊ីស្រាអែលបានឆ្លើយតបជាមួយនឹងការវាយប្រហារតាមអាកាសដ៏ធំ ប្រតិបត្តិការជើងគោក និងវិធានការដាក់ទណ្ឌកម្ម ដែលរួមមានការឡោមព័ទ្ធជុំវិញដោយការផ្គត់ផ្គង់ទឹក អគ្គិសនី ប្រេងឥន្ធនៈ និងតម្រូវការផ្សេងទៀតត្រូវបានកាត់ផ្តាច់។

យ៉ាងហោចណាស់មនុស្ស ១៤០០ នាក់ នៅក្នុងប្រទេសអ៊ីស្រាអែល ត្រូវបានសម្លាប់ ហើយមនុស្សសរុបចំនួន ២៣៩ នាក់ត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង ក្នុងអំឡុងពេលនៃការវាយប្រហាររបស់ក្រុមហាម៉ាស នេះបើយោងតាមកងកម្លាំងការពារអ៊ីស្រាអែល។

ក្រសួងសុខភាពដែលគ្រប់គ្រងដោយក្រុមហាម៉ាស បានឲ្យដឹងថា ចំនួនអ្នកស្លាប់របស់ប៉ាឡេស្ទីន ពីការវាយប្រហាររបស់អ៊ីស្រាអែល លើតំបន់ហ្គាហ្សាស្ទ្រីប បានកើនឡើងដល់ ៨,៣០៦នាក់។ ទន្ទឹមនឹងនោះ ប្រជាជនប៉ាឡេស្ទីន ចំនួន ២១,០៤៨ នាក់បានរងរបួសដោយសារការវាយប្រហារ តាមអាកាសរបស់អ៊ីស្រាអែល ដែលកំពុងបន្ត ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top