បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋាភិបាល Houthi នៅទីក្រុង Sanaa បាននិយាយកាលពីថ្ងៃអង្គារម្សិលមិញថា ខ្លួនបានបាញ់បង្ហោះយន្តហោះគ្មានមនុស្សបើក និងមីស៊ីលប្រឆាំងអ៊ីស្រាអែល ដើម្បីគាំទ្រជនប៉ាឡេស្ទីន ហើយនឹងបន្តធ្វើដូច្នេះបន្ថែមទៀត។
ក្នុងនោះយ៉ាងហោចណាស់មីស៊ីលមួយគ្រាប់បានហោះពីលើប្រទេសអារ៉ាប៊ីសាអូឌីត ដោយធ្វើឱ្យប្រព័ន្ធការពារដែនអាកាសរបស់ព្រះរាជាណាចក្របញ្ចេញសញ្ញាប្រុងប្រយ័ត្នកើតឡើង។
ឧត្តមសេនីយទោ Yahya Saree អ្នកនាំពាក្យកងកម្លាំងប្រដាប់អាវុធយេមែន បាននិយាយថា៖កងកម្លាំងប្រដាប់អាវុធរបស់យើងបានបាញ់បង្ហោះកាំជ្រួចផ្លោង និងកាំជ្រួច Cruise ជាច្រើន និងយន្តហោះគ្មានមនុស្សបើកមួយចំនួនធំ ទៅកាន់គោលដៅផ្សេងៗរបស់អ៊ីស្រាអែល នៅក្នុងទឹកដីដែលកាន់កាប់របស់ពួកគេ។
លោក Saree បាននិយាយថា ការបាញ់បង្ហោះកាលពីថ្ងៃអង្គារគឺជា ៖ប្រតិបត្តិការលើកទីបីក្នុងការគាំទ្រជនប៉ាឡេស្ទីនដែលត្រូវគេជិះជាន់ដោយបន្ថែមថា យោធា Houthiនឹងបន្តធ្វើការវាយប្រហារប្រកបដោយគុណភាពបន្ថែមទៀតជាមួយនឹងមីស៊ីល និងយន្តហោះគ្មានមនុស្សបើក រហូតដល់ការឈ្លានពានរបស់អ៊ីស្រាអែលត្រូវបានបញ្ឈប់។
គួរឲ្យដឹងដែរថាកាលពីដើមខែនេះ កងទ័ពជើងទឹកអាមេរិក បានអះអាងថា កប៉ាល់របស់ខ្លួនបានបាញ់ទម្លាក់កាំជ្រួច ឬយន្តហោះគ្មានមនុស្សបើកជាច្រើនគ្រឿង ដែលបាញ់សំដៅលើអ៊ីស្រាអែល នៅលើសមុទ្រក្រហម។ ទោះយ៉ាងណាក៏ដោយ មន្ទីរបញ្ចកោណ មិនបានសន្មតដោយផ្ទាល់ថា ទាំងនេះជាសកម្មភាពរបស់ប្រទេសយេមែនឬយ៉ាងណានោះទេ៕ ប្រែសម្រួល៖ស៊ុនលី