បរទេស ៖ មន្ត្រីក្រសួងអប់រំ និងបណ្តុះបណ្តាល របស់វៀតណាម បាននិយាយថា ប្រជាជនវៀតណាម ប្រមាណ ៤ ម៉ឺននាក់ ទៅសិក្សានៅបរទេស ក្នុងមួយឆ្នាំៗ ដែលបានកើនឡើង ២,៥ ដង បើធៀបនឹងតួលេខមុនឆ្នាំ ២០១៣ ។
យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា ថ្លែងសុន្ទរកថាក្នុងអង្គប្រជុំត្រួតពិនិត្យរយៈពេល ១០ ឆ្នាំនៃការ អនុវត្តសេចក្តី សម្រេចស្តីពីការអប់រំ និងការបណ្តុះបណ្តាលនវានុវត្តន៍ជាមូលដ្ឋាន និងទូលំទូលាយ ផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងកិច្ច សហប្រតិបត្តិការ អន្តរជាតិ កាលពីថ្ងៃអង្គារ លោក Pham Quang Hung ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិរបស់ក្រសួងអប់រំ និងបណ្តុះបណ្តាល បានឲ្យដឹងថា បច្ចុប្បន្ននេះ មាននិស្សិតវៀតណាមជិត ២០០.០០០ នាក់ ដែលកំពុងសិក្សានៅបរទេស នៅកម្រិតវិទ្យាល័យ សាកលវិទ្យាល័យ និងកម្រិតក្រោយឧត្តមសិក្សា ។
ចំណែកចំនួននិស្សិតបរទេស ក្នុងប្រទេសវៀតណាម ក៏បានកើនឡើងផងដែរ នៅក្នុងទសវត្សរ៍មុន ដែលឈានដល់ប្រហែល ២២.០០០ នាក់នាពេលបច្ចុប្បន្ន ដែលក្នុងនោះជិត ៤.០០០នាក់ មកវៀតណាមក្រោមកិច្ចព្រមព្រៀង ដែលបានចុះហត្ថលេខា។
យោងតាមមន្ត្រីរូបនេះ, ក្នុងរយៈពេល១០ឆ្នាំមកនេះ ក្រសួងបានចរចា យ៉ាងសកម្ម និងបានចុះហត្ថលេខាលើសន្ធិសញ្ញា និងកិច្ចព្រមព្រៀង អន្តរជាតិចំនួន១៦១, លើកកម្ពស់ទំនាក់ទំនង ជាមួយប្រទេសនិងដែនដី ជាង ១០០, និងបានចូលរួមក្នុងយន្តការអនុតំបន់ ថ្នាក់តំបន់ និងអន្តរតំបន់មួយចំនួន ដូច្នេះហើយបានបង្កើនកម្រិតនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងវិស័យអប់រំ និងបណ្តុះបណ្តាល។
ក្នុងរយៈពេលនេះ មានអនុស្សរណៈ នៃការយោគយល់ និងកិច្ចព្រមព្រៀងចំនួនជាង ៣.៥០០ ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាល ការស្រាវជ្រាវវិទ្យាសាស្ត្រ និងការផ្លាស់ប្តូរនិស្សិត និងសាស្ត្រាចារ្យ ដែលបានចុះហត្ថលេខារវាងស្ថាប័នអប់រំវៀតណាម និងបរទេស ៕
ប្រែសម្រួលៈ ណៃ តុលា