ប៉េរ៉ូត៖ នាយករដ្ឋមន្ត្រីលីបង់ លោក Najib Mikati បានអំពាវនាវឲ្យមានការយកចិត្តទុកដាក់របស់សហគមន៍អន្តរជាតិ ចំពោះការវាយប្រហាររបស់អ៊ីស្រាអែល នៅភាគខាងត្បូងប្រទេសលីបង់ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សារដ្ឋមន្ត្រីលីបង់។
លោក Mikati បានលើកឡើងថា “សហគមន៍អន្តរជាតិ ត្រូវតែបង្វែរការយកចិត្តទុកដាក់របស់ខ្លួន ចំពោះការឈ្លានពានរបស់អ៊ីស្រាអែល ប្រឆាំងនឹងភាគខាងត្បូងលីបង់” ដោយលើកឡើងពីការខូចខាត ដែលការវាយប្រហារបានធ្វើ ចំពោះប្រជាជន និងសេដ្ឋកិច្ចរបស់ខ្លួន។
លោកថា “សហគមន៍អន្តរជាតិនៅតែព្រងើយកន្ដើយចំពោះរឿងនេះ”។ ភាពតានតឹងនៅព្រំដែនលីបង់-អ៊ីស្រាអែល បានកើនឡើងនៅពេលដែលក្រុមហេសបូឡាហ៍ បានបាញ់រ៉ុក្កែតទៅលើទីតាំងយោធាអ៊ីស្រាអែល កាលពីថ្ងៃទី០៨ ខែតុលា ដើម្បីគាំទ្រក្រុមហាម៉ាស ដែលបានផ្តួចផ្តើមការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលមួយលើអ៊ីស្រាអែល មួយថ្ងៃមុន។ អ៊ីស្រាអែល បានសងសឹកដោយការបាញ់កាំភ្លើងធំ និងការវាយប្រហារតាមអាកាស ដែលបានកំណត់គោលដៅលើតំបន់ជាច្រើននៅភាគខាងត្បូងប្រទេសលីបង់។
លោក Mikati ដែលជាប្រធានគណៈរដ្ឋមន្ត្រីចាំផ្ទះ ដែលមានអំណាចមានកំណត់ បានអំពាវនាវឱ្យគណបក្សនយោបាយលីបង់ ទាំងអស់ឈានដល់ការឯកភាពគ្នា ដើម្បីជ្រើសរើសប្រធានាធិបតីថ្មី សម្រាប់សាធារណរដ្ឋ ចំពេលប្រទេសកំពុងប្រឈមមុខនឹងបញ្ហានាពេលបច្ចុប្បន្ន៕ ប្រែសម្រួល ឈូក បូរ៉ា