ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល អះអាងថា បានសម្លាប់ មេបញ្ជាការជាន់ខ្ពស់ ម្នាក់ទៀត របស់ក្រុមហាម៉ាស ប៉ុន្តែក្រុមនេះ ចេញមុខបដិសេធ

រូបភាព៖ Afp

បរទេស៖ យោងតាមកងកម្លាំងការពារអ៊ីស្រាអែល (IDF) បានឱ្យដឹងថា អ៊ីស្រាអែលបានសម្លាប់ឥស្សរជនក្រុមហាម៉ាស ដ៏លេចធ្លោម្នាក់ទៀតកាលពីថ្ងៃពុធនៅក្នុងការវាយប្រហារ តាមអាកាសលើកទីពីរ ក្នុងរយៈពេលពីរថ្ងៃ ដែលផ្តោតលើជំរុំជនភៀសខ្លួន Jabalia ដែលមានប្រជាជនច្រើន នៅតំបន់ហ្គាហ្សា។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា កងកម្លាំងការពារអ៊ីស្រាអែល បាននិយាយថា យន្តហោះចម្បាំងមួយគ្រឿងបានទម្លាក់គ្រាប់បែក លើបរិវេណក្នុងជំរុំជនភៀសខ្លួន Jabalia “ផ្អែកលើការស៊ើបការណ៍ច្បាស់លាស់” ដោយបានសម្លាប់ មេបញ្ជាការអង្គភាពកាំជ្រួច ប្រឆាំងរថក្រោះ របស់ពួកសកម្មប្រយុទ្ធប៉ាឡេស្ទីន ឈ្មោះ Muhammad A’sar ។ ការវាយប្រហារនេះកើតឡើង បន្ទាប់ពីការវាយប្រហារ នៅជំរុំជាច្រើនម៉ោងមុន ដែលអ៊ីស្រាអែលបាននិយាយថាបានសម្លាប់ Ibrahim Biari ដែលអ៊ីស្រាអែលអះអាងថា ជាតួអង្គសំខាន់ក្នុងការរៀបចំ ការវាយប្រហារថ្ងៃទី ៧ ខែតុលាលើរដ្ឋជ្វីហ្វ។

អ៊ីស្រាអែលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ក្រុមហាម៉ាសមានចេតនាសាងសង់ហេដ្ឋារចនាសម្ព័ន្ធភេរវកម្មរបស់ខ្លួននៅក្រោម ជុំវិញ និងនៅក្នុងអគារស៊ីវិល ដោយចេតនាបង្កគ្រោះថ្នាក់ដល់ជនស៊ីវិលនៅតំបន់ ហ្គាហ្សា ” ។ អាជ្ញាធរហ្គាហ្សាមិនទាន់បានបង្ហាញពីតួលេខជនរងគ្រោះដែលទាក់ទងនឹងការវាយប្រហារចុងក្រោយនេះនៅឡើយទេ ប៉ុន្តែលោកវេជ្ជបណ្ឌិត Atef Al Kahlout នាយកមន្ទីរពេទ្យឥណ្ឌូនេស៊ីរបស់ Gaza បានប្រាប់ CNN ថាយ៉ាងហោចណាស់មនុស្ស ៨០ នាក់បានស្លាប់។

មន្ត្រីសុខាភិបាលប៉ាឡេស្ទីនបាននិយាយថា ការទម្លាក់គ្រាប់បែកកាលពីថ្ងៃអង្គារបានសម្លាប់មនុស្សប្រហែល ៥០ នាក់ និងរបួស ១៥០ នាក់ទៀត។ ក្រុមហាម៉ាសបានបដិសេធថា មេដឹកនាំណាមួយរបស់ខ្លួនមិនមានវត្តមាននៅជំរំ Jabalia នោះទេ៕

ប្រែសម្រួលៈ ណៃ តុលា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top